(កំពត)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានជំរុញដល់ថ្នាក់ដឹកនាំ សមាជិកទាំងអស់ នៅឆ្នាំ២០២១នេះ ត្រូវបង្កើនប្រសិទ្ធភាពការងារ និងផ្សព្វផ្សាយគោលនយោបាយរាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋឲ្យបានដឹង កាន់តែទូលំទូលាយជាងមុន។
ការជំរុញបែបនេះ ខណៈលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅអនុវត្តន៍សម្រាប់ឆ្នាំ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពត។
ក្នុងកិច្ចប្រជុំបូកសរុបនោះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២០ និងបានវាយតំលៃខ្ពស់ចំពោះសមិទ្ធផល លទ្ធផលការងារសម្រេចបានខាងលើ និងបានជំរុញឲ្យក្រុមការងារបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត លើបញ្ហាសំខាន់ៗ ចំនួនពីរ រួមមាន៖
*ទី១៖ បង្កើនការផ្សព្វផ្សាយគោលនយោបាយ របស់រាជរដ្ឋាភិបាលជូនដល់ពលរដ្ឋឲ្យបានដឹងយ៉ាងធូលំទូលាយ។ ពិសេសលើការចេញប័ណ្ណពលរដ្ឋក្រីក្រ, ប័ណ្ណសមធម៌សម្រាប់ស្ត្រីមានផ្ទៃពោះ, របបសន្តិសុខសង្គម ការឧត្ថម្ភសាច់ប្រាក់ និងផ្តល់វាក់សាំងការពារកូវីដ១៩ និងចំណុចខ្លាំងនានា នៃគោលនយោបាយចតុកោណ និងយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល។
*ទី២៖ ត្រូវបង្កើនប្រសិទ្ធភាពការងារ ទាំងការងារដឹកនាំ ការងារចុះមូលដ្ឋាន ធ្វើយ៉ាងណា ដើម្បីធានាថា បានកាត់បន្ថយរាល់ការលំបាក សំណូមពរ និងបង្កឱកាសធ្វើឲ្យពលរដ្ឋមានជីវភាពល្អប្រសើរឡើងជាងមុន។ ទន្ទឹមគ្នានេះ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ក៏បានសង្កត់ធ្ងន់ថា ក្នុងអន្តរកាលកូវីដ១៩នេះ សមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាក្រុមការងារ បន្តចូលរួមប្រុងប្រយ័ត្ន ទប់ស្កាត់ជំងឺកូវីដ១៩ ពិសេសរឹតបណ្តឹងការឆ្លងដែនទាំងផ្លូវគោក និងផ្លូវទឹក។
លោក ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា ឆ្នាំ២០២០កន្លងទៅ ទោះជួបវិបត្តកូវីដ១៩ ក៏ខេត្តកំពតមានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ស្ទើរគ្រប់វិស័យ ហើយសូម្បីតែវិស័យទេសចរណ៍ ក៏នៅមានកំណើន បើធៀបនឹងឆ្នាំចាស់។ តាមរបាយការណ៍ ឆ្នាំ២០២០ ខេត្តកំពតបានទទួលភ្ញៀវជាតិ-អន្តរជាតិសរុបចំនួនជាង ១លាន ៦សែននាក់ មកសម្រាកទស្សនាកម្សាន្ត។
បើតាមរបាយការណ៍ ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅអនុវត្តន៍សម្រាប់ឆ្នាំ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានបង្ហាញថា ឆ្នាំ២០២០កន្លងទៅ ក្រុមការងារបានចុះធ្វើវេទិកាសាធារណៈ ជួបប្រជាពលរដ្ឋសរុបបានចំនួន៦៨៥លើក លើ៩៣ឃុំ សង្កាត់ ស្មើនឹង ៤១៨ភូមិ លើភូមិសរុប៤៨៨ភូមិ ដែលមានប្រជាពលរដ្ឋចូលរួមចំនួន ជាងបីម៉ឺននាក់ ប្រមូលបាននូវបញ្ហា សំណូមពរ ចំនួន ១.៩៥៦ ករណី ដោះស្រាយបាន១.៤០១ករណី , កំពុងដោះស្រាយចំនួន៥២២ករណី និងមិនទាន់ដោះស្រាយមាន ២៣ករណី៕