(ឧត្តរមានជ័យ)៖ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យ ដែលមានបងប្អូន ឬសាច់ញាតទើបវិលមកពីក្រៅប្រទេស ត្រូវណែនាំឲ្យគាត់ទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ចៀសវាងមានការស៊ុគ្រលំ លាក់បាំង ដែលជាហេតុធ្វើឲ្យមានបញ្ហាពាក់ព័ន្ធដល់ខ្លួនឯង សមាជិកគ្រួសារ និងអ្នកដទៃផ្សេងទៀត។
ការថ្លែងអំពាវនាវបែបនេះ បន្ទាប់ពីពលករខ្មែរម្នាក់មកពីខេត្តឈុនបុរីប្រទេសថៃ ចូលតាមច្រកដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង មានទីលំនៅភូមិគោកភ្លុក សង្កាត់កូនគ្រៀល ក្រុងសំរោង បានគេចមិនព្រមទៅធ្វើចត្តាឡីស័ក សម្ងំនៅក្នុងផ្ទះ ត្រូវសមត្ថកិច្ច និងគ្រូពេទ្យមកនាំខ្លួនទៅធ្វើចត្តាឡីស័កវិញ ដោយទាំងសមាជិកគ្រួសារទាំងក្មេងទាំងចាស់សរុប ៨នាក់ទៀត។
លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានថ្លែងបន្តទៀតថា អនុវត្តន៍តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល ការណែនាំពីលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ មន្ទីរសុខាភិបាលខេត្តតែងចាត់តាំងក្រុមការងារធ្វើការផ្សព្វផ្សាយជាបន្ទាប់ចុះដល់មូលដ្ឋាន ណែនាំឲ្យអជ្ញាធរភូមិឃុំ និងប្រជាពលរដ្ឋដែលមានបងប្អូន ឬសាច់ញាតិទើបវិលមកពីក្រៅប្រទេសត្រូវទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលជាដាច់ខាត។
លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានថ្លែងយ៉ាងដូច្នេះទៀតថា នៅក្នុងខេត្តឧត្តរមានជ័យ ក្រោមការណែនាំពីលោក ប៉ែន កុសល្យ បានអនុញ្ញាតឲ្យពលករដែលមកពីប្រទេសថៃ ចូលតាមច្រកព្រំដែនអន្តរជាតិអូរស្មាច់តែមួយគត់ ចំណែកច្រកផ្សេងទៀត គឺមិនអនុញ្ញាតិឲ្យចូលឡើយ។ ច្រកអន្តរជាតិអូរស្មាច់ បានរៀបចំឧបករណ៍ត្រួតពិនិត្យដោយត្រឹមត្រូវ និងច្បាស់លាស់ ក៏ដូចជាការដឹកជញ្ជូនពួកគាត់ទៅកាន់មណ្ឌលធ្វើចត្តាឡីស័កដោយរថយន្តយោធា មិនអនុញ្ញាតិឲ្យពួកគាត់ជិះរថយន្តឈ្នួល ឬរថយន្តសាច់ញាតិមកទទួល គេចមិនធ្វើចត្តាឡីស័កនោះទេ៕