(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ បានផ្ញើលិខិតមួយថ្លែងអំណរគុណ និងកោតសរសើរដល់ លោកបណ្ឌិត លី ឃុន អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ ឡានម៉ី អ៊ែរឡាញ (Lanmei Airlines) ដែលបានឧបត្ថម្ភការហោះហើរមនុស្សធម៌ជាលើកទី២ ក្នុងការដឹកជញ្ជូនជំនួយម៉ាស និងសម្ភារៈ បរិក្ខាពេទ្យរបស់កម្ពុជា ទៅឧបត្ថម្ភជូនប្រទេសនេប៉ាល់។
ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជាសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះ លោកបណ្ឌិត អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ ឡានម៉ី អ៊ែរឡាញ (Lanmei Airlines) ដែលបានឧបត្ថម្ភការហោះហើរ ជាមនុស្សធម៌ជាលើកទី២ ដឹកជញ្ជូនម៉ាសចំនួន ២លាន១សែន និងបរិក្ខាពេទ្យសរុបចំនួន ១២មុខ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា យកទៅជូន រដ្ឋាភិបាលនៃប្រទេសនេប៉ាល់ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នេះ។ សូមលោកបណ្ឌិតអគ្គនាយក និង សហការី បានជួបប្រទះតែនឹងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ»។
អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ រួមមានម៉ាសចំនួនជាង២លាន និងបរិក្ខារពេទ្យចំនួន១២មុខទៀត ត្រូវប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេះរួចរាល់ហើយ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ នៅព្រលានយន្ដហោះប្រទេសនេប៉ាល់។
អំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាលនៃប្រទេសនេប៉ាល់រួមមាន៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ។ នេះបើតាមការឲ្យដឹងពី លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
នេប៉ាល់ ជាប្រទេសទី៤ហើយ ដែលកម្ពុជាបានផ្តល់ជំនួយម៉ាស់ និងបរិក្ខារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវអំណោយជាម៉ាស និងបរិក្ខារពេទ្យជូនដល់បណ្តាប្រទេសចំនួន ៣ផងដែរ។ រួមមានរដ្ឋាភិបាលឡាវ បានផ្តល់ម៉ាស់ចំនួន ២លាន និងបរិក្ខារពេទ្យមួយចំនួន, រដ្ឋាភិបាលមីយ៉ាន់ម៉ា ម៉ាសចំនួន ២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួន និង រដ្ឋាភិបាលទីម័រឡេស្ត ម៉ាសចំនួន ១លាន ៥ម៉ឺន និងបរិក្ខារពេទ្យមួយចំនួន៕
ខាងក្រោមនេះជាលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖