(ពោធិ៍សាត់)៖ លោកស្រី ខៀវ រ៉ានីង អភិបាលរង នៃគណៈអភិបាលស្រុកបាកាន រួមជាមួយព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន និងអាជ្ញាធរភូមិឃុំ នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នៅបរិវេណវត្តបាកាន បាននាំយកអំណោយមនុស្សធម៌របស់សប្បុរសជន មកចែកជូនដល់ជនចាស់ជរាទីទ័លខ្លាំង និងគ្រួសារក្រីក្រ ដែលជាពុទ្ធបរិស័ទចំណុះជើងវត្ត ចំនួន១៧១គ្រួសារ មកពីភូមិចំនួន៦ ក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ព្រះតេជគុណ ឡាយ កន មានសង្ឃដិកាថា ពុទ្ធចក្រ និងអាណាចក្រដើរទន្ទឹមគ្នា ព្រះសង្ឃមានជីវិត និងវត្តអារាមមានការរីកចម្រើនទៅបាន ដោយសារសប្បុរសជន និងពុទ្ធបរិស័ទជួយឧបត្ថម្ភគាំទ្រ ដូច្នេះពេលប្រជាពលរដ្ឋ ជួបការលំបាក ខាងពុទ្ធចក្រក៏ត្រូវជួយដល់ប្រជាពលរដ្ឋវិញដែរ។ ព្រះតេជគុណ បានគូសបញ្ជាក់ថា អង្ករដែលត្រូវចែកជូននាពេលនេះ គឺបានមកពីសប្បុរសជន និងពុទ្ធបរិស័ទ្ធជិតឆ្ងាយ យកមកប្រគេនដល់ព្រះអង្គ ដោយសារតែពួកគាត់មានជំនឿលើការបន់ស្រន់ នៅក្នុងទីអារាមវត្តដ៏ស័ក្តិសិទ្ធិនេះ។
ព្រះអង្គបានបន្ថែមថា ដោយបានការចូលរួមជាបច្ច័យ ពីលោកស្រី ហ្គិច ណៃ, លោកឧកញ៉ា ថៃ សេងឡុង, ឧបាសិកា ហួរ វួច និងលោកស្រី ឈាង ម៉ៃ ព្រះអង្គបានជាវមី បន្ថែមពីលើអង្ករដែលមានស្រាប់ យកទៅចែកជូនដល់ បងប្អូនប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទចំណុះជើងវត្ត ចំនួន១៧១គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម, មី១កេស និងស្រោមជើង១គូរ។ ព្រះតេជគុណ ក៏បានអំពាវនាវដល់ព្រះសង្ឃតាមបណ្តាវត្ត ក្នុងខេត្តពោធិ៍សាត់ សូមបន្តបំផុតចូលរួមចលនាមនុស្សធម៌ តាមរយៈការចែកស្បៀង ឬសម្ភារៈប្រើប្រាស់ផ្សេងៗ ដល់គ្រួសារក្រីក្រ ជនរងគ្រោះ ឬជនងាយរងគ្រោះ ស្របតាមការណែនាំ និងលើកអនុសាសន៍ ពីឯកឧត្តមអភិបាលខេត្ត។
ក្នុងឱកាសនោះ លោកស្រី ខៀវ រ៉ានីង បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះព្រះតេជគុណ ឡាយ កន ដែលមានព្រះទ័យគិតគូ និងយកចិត្តទុកដាក់ ដល់ការងារសង្គមគ្រប់ពេលវេលា។ ទង្វើរ និងសកម្មភាពមនុស្សធម៌របស់ព្រះអង្គនាពេលនេះ ក៏ដូចលើមុនៗ សបញ្ជាក់ឱ្យឃើញពីព្រះទ័យជ្រះថ្លា ជាមួយរាជរដ្ឋាភិបាល អាជ្ញាធរដែនដី ជាពិសេសជាមួយរដ្ឋបាលស្រុក ក្នុងការប្រយុទ្ធប្រឆាំង នៃការរីករាលដាលជំងឺកូវីដ-១៩ ជាសក្ខីភាពស្រាប់។
លោកស្រីក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់លោក ស៊ុយ សែម ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងលោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត ដែលជានិច្ចកាលថ្នាក់ដឹកនាំទាំងពីរ តែងយកចិត្តទុកដាក់ ដោះស្រាយការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាក។
ស្របពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំង ដោយសារជំងឺកូវីដ១៩ លោកស្រីអភិបាលរងស្រុក ក៏បានក្រើនរំលឹកដល់ពុកម៉ែប្រជាពលរដ្ឋគ្រប់រូប ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អប្រសើរ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍រក្សាគម្លាតសង្គម និងវិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ជាមួយគ្នានោះ លោកស្រីបានប្រាប់ដល់ប្រជាពលរដ្ឋ ដែលមានបងប្អូនទើបនឹងវិលត្រឡប់មកពីប្រទេសថៃ ត្រូវណែនាំពួកគាត់ឱ្យចូលរួមធ្វើចត្តាឡីសក្តិទាំងអស់គ្នា ជៀសវាងការឆ្លងរីករាលដាលដល់សហគមន៍៕