(រតនគិរី)៖ រយៈពេល៥-៦ថ្ងៃនេះ មានសត្វដំរីព្រៃចំនួន២ហ្វូង ចូលក្នុងភូមិសាស្ត្រឃុំប៉ក់ញ៉ៃ និងឃុំយ៉ាទុង នៅពេលយប់បង្កការភ័យខ្លាច បំផ្លាញផលដំណាំ និងសម្ភារមួយចំនួននោះ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ លោក ស៊ឹម លីន អភិបាលរងស្រុកអូរយ៉ាដាវ បានដឹកនាំកម្លាំងប្រដាប់អាវុធរួមមាន កម្លាំងសឹករងស្រុក, កម្លាំងនគរបាលស្រុក និងកម្លាំងបរិស្ថានឧទ្យានជាតិអូរយ៉ាដាវ ចុះទៅអន្តរាគមន៍នៅឃុំយ៉ាទុង។
លោក ស៊ឹម លីន ប្រាប់ឲ្យដឹងថា ហ្វូងដំរីព្រៃនេះ មានប្រមាណ១៥ក្បាល ដើរចល័តក្នុងភូមិសាស្ត្រឃុំប៉ក់ញ៉ៃ និងឃុំយ៉ាទុង នៅពេលយប់ មានភាពកាចណាស់ គឺដើរជួបដំណាំបំផ្លាញដំណាំ, ជួបបាវស្រូវស៊ីស្រូវ, ជួបសម្ភារយកប្រម៉ោយវាយបំផ្លាញចោល។
លោកអភិបាលរងស្រុក បានប្រាប់បន្តទៀតថា ហ្វូងដំរីព្រៃក្នុងឧទ្យានជាតិអូរយ៉ាដាវ មានប្រហែល៣០-៤០ក្បាល ហើយសត្វដំរីព្រៃដើរចូលភូមិនេះ គឺដាច់ហ្វូង។
លោក ស៊ឹម លីន បានឲ្យដឹងទៀតថា ដោយមានសំណូមពរ ពីប្រជាពលរដ្ឋឲ្យដាក់កម្លាំងប្រដាប់អាវុធប្រចាំការនោះ គឺគណៈបញ្ជាការឯកភាពរដ្ឋបាល សម្រេចដាក់កម្លាំងចំនួន២គោលដៅ គឺភូមិដរតូចចំនួន៤នាក់ និងភូមិខ្វែងចំនួន៤នាក់ (ឃុំយ៉ាទុង) សហការជាមួយកម្លាំងប្រជាពលរដ្ឋ ក្នុងភូមិយាមឃ្លាំមើលហ្វូងដំរីព្រៃ។
ដោយឡែក តំណាងប្រជាពលរដ្ឋ ក្នុងឃុំយ៉ាទុង បានប្រាប់ឲ្យដឹងថា រយៈពេល៥-៦ថ្ងៃនេះ ហ្វូងដំរីចូលភូមិពួកគាត់ បានបំផ្លាញខ្ទមចំការអស់១០ខ្នង, ស្រូវចំនួន៥៩បាវ, ដើមចន្ទីចំនួន១០ដើម, ម៉ាស៊ីនកាត់ស្មៅ៣គ្រឿង, ម៉ាស៊ីនបាញ់ស្មៅ៤គ្រឿង និងសម្ភារចានឆ្នាំងមួយចំនួនទៀត។
ជាមួយគ្នា និងសកម្មភាពហ្វូងសត្វដំរីព្រៃខាងលើនេះដែរ ពួកគាត់សំណូមពរឲ្យសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធកៀងសត្វដំរីទាំងនោះ ចូលព្រៃធំវិញ ដើម្បីបង្ការហានិភ័យដល់កូនចៅពួកគាត់ ធ្វើដំណើរនៅពេលយប់ដូចជាឈឺស្កាត់, ស្ត្រីឈឺពោះមកមណ្ឌលសុខភាពជាដើម៕