(ភ្នំពេញ)៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា បានឲ្យដឹងថា នៅពាក់កណ្ដាលឆ្នាំ២០២១នេះ វិស័យអចលនទ្រព្យនៅកម្ពុជា នឹងផ្ដើមងើបឡើងវិញ ដោយការងើបឡើងវិញនេះ អាស្រ័យទៅលើការចូលវិនិយោគពីអ្នកវិនិយោគពីបណ្ដាប្រទេសផ្សេងៗ បន្ទាប់ពីការរំពឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាផ្លូវការ។
ថ្លែងឲ្យដឹងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់អង្គភាពព័ត៌មាន Fresh News លោក ច្រឹក សុខនីម បានថ្លែងឲ្យដឹងថា «នៅក្នុងពាក់កណ្ដាលឆ្នាំ២០២១ ប្រសិនបើយើងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩រួចរាល់ ដំណើរការនៃវិស័យអចលនទ្រព្យ និងងើបបន្ដិចម្ដងៗ ដោយមានការចូលមកវិនិយោគ ពីវិនិយោគគិនពីក្នុងស្រុក និងក្រៅស្រុក ដោយមិនមានការភ័យខ្លាច អំពីជំងឺកូវីដ១៩»។
លោកបន្ដថា បច្ចុប្បន្នវិស័យអចលនទ្រព្យ នៅតែដំណើរការដដែលដោយភាគច្រើន មានតែវិនិយោគតែក្នុងស្រុកប៉ុណ្ណោះ សម្រាប់វិនិយោគិនបរទេសវិញ គឺពុំទាន់មានការត្រឡប់មកវិនិយោគនៅឡើយទេ។
លោកបន្ថែមថា ទោះស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩ក្ដី ក៏បានបង្រៀនយើងពីរបៀបធ្វើការថ្មី និងមានប្រសិទ្ធភាពជាងមុនខ្លះៗផងដែរ ដូចជាការរៀនសូត្រជាមួយនឹងបរទេសបាន តាមរយៈវីដេអូជាដើម។
លោកបញ្ជាក់ទៀតថា សម្រាប់ឆ្នាំ២០២១នេះ ចំពោះអ្នកដែលមានថវិកាផ្ទាល់ខ្លួនច្រើន ហើយចង់វិនិយោគលើវិស័យដីធ្លី គួរតែវិនិយោគលើដី, ផ្ទះ អាចមានឱកាសចំណេញថវិកាច្រើន ប៉ុន្ដែសម្រាប់ដែលមានថវិកាដោយកម្ចីពីធនាគារជាដើម គួរតែវិនិយោគលើការទិញផ្ទះ ដើម្បីជួលបានខ្លះដោយរក្សាលំនឹង នៃចរន្ដសាច់ប្រាក់។
លោកឲ្យដឹងថា «ក្នុងឆ្នាំ២០២១នេះ ខ្ញុំលើកទឹកចិត្តឲ្យវិនិយោគ ទិញដី, ផ្ទះ និងខុនដូជាដើម។ តែយ៉ាងណាមុនពេលវិនិយោគ សូមលើកទឹកចិត្តឲ្យទៅប្រឹក្សា ជាមួយនឹងក្រុមហ៊ុនអចលនវត្ថុ ដែលមានរហូតទៅដល់ជាង១០០ក្រុមហ៊ុន នៅក្នុងសមាគមអ្នកវាយតម្លៃអចលនទ្រព្យ មុននឹងធ្វើការវិនិយោគ ដោយការប្រឹក្សានេះមិនគិតកម្រៃនោះឡើយ»។
ដើម្បីឲ្យវិស័យអចលនទ្រព្យនៅកម្ពុជា កាន់តែមានសក្ដានុពល ក្នុងការងើបឡើងវិញនោះ លោក ច្រឹក សុខនីម បានបង្ហាញអំពីផែនការថ្មីៗមួយចំនួន ដែលសមាគមអ្នកវាយតម្លៃអចលនវត្ថុ ត្រៀមក្នុងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា សម្រាប់ឆ្នាំថ្មី២០២១។
លោកបានថ្លែងឲ្យដឹងថា សម្រាប់អណត្តិថ្មីនេះក្នុងនាមសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា យើងមានគម្រោងផែនការជាច្រើន ក្នុងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា ជាក់ស្ដែងជាគម្រោងផែនការគ្រោងនឹងបើកវគ្គបរិញ្ញាបត្ររងជំនាញអចលនវត្ថុ ដែលសមាមគមចង់ផ្ដល់ជូននូវគុណភាព នៃការអប់រំជូនដល់ប្រជាពលរដ្ឋ ដោយជំនាញនេះមានការសហការជាមួយសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបន្ថែមថា ទាំងនេះគឺដើម្បីលើកស្ទួយកម្រិតនៃការអប់រំ ក្នុងវិស័យអចលនទ្រព្យ ដោយសារថា ប្រសិនបើមនុស្សចេះច្បាស់លាស់ពីវិស័យនេះ ពួកគាត់នឹងមានគុណភាព ក្នុងការបម្រើសេវាកម្ម ពេលដែលគាត់បម្រើសេវាកម្មបានល្អ ដូច្នេះយើងនឹងទទួលបានការគាំទ្រពី អតិថិជនទាំងក្នុងថ្នាក់ជាតិ និងអន្ដរជាតិ៕