(ភ្នំពេញ)៖ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ លោក រាយដេអេស ធ្រីបភើស៉ី រដ្ឋមន្ត្រីសុខាភិបាលនេប៉ាល់ថា អំណោយមនុស្សធម៌នៅក្នុងឱកាសនេះ គឺជាសក្ខីភាពនៃមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងសាមគ្គីមិត្តភាពស្និទ្ឋស្នាលរវាងប្រជាជនកម្ពុជា និងប្រជាជននេប៉ាល់។ លោក អ៊ុច បូររិទ្ធ ថ្លែងបែបនេះក្នុងឱកាសប្រគល់អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។
តំណាងសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយនេប៉ាល់ និងសហគមន៍អន្តរជាតិ ដើម្បីជំនៈលើការរាតត្បាតនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ដ៏មានសក្តានុពលយូរអង្វែងមកលើជីវភាពរស់នៅរបស់ប្រជាជន»។ លោកបន្តថា អំណោយមនុស្សធម៌នៅក្នុងឱកាសនេះ គឺជាសក្ខីភាពនៃមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងសាមគ្គីមិត្តភាពស្និទ្ឋស្នាលរវាងប្រជាជនកម្ពុជា និងប្រជាជននេប៉ាល់ ក្នុងអំឡុងពេលដ៏លំបាកនៃវិបត្តិសុខភាពពិភពលោក។
បើតាម លោក អ៊ុច បូររិទ្ធ, ការរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គ្រប់ទិដ្ឋភាពនៃជិវិតរបស់មនុស្ស ដោយបាននាំមកនូវបញ្ហាប្រឈមជាច្រើន មិនត្រឹមតែសុវត្ថិភាពសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យខូចខាតយ៉ាងខ្លាំង ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការចល័តរបស់ប្រជាជន ដែលជាហេតុធ្វើឱ្យសេដ្ឋកិច្ចគ្រប់ប្រទេសនៅជុំវិញពិភពលោកធ្លាក់ចុះ។ នៅក្នុងបរិបទនេះ ការឆ្លើយតបជាសមូហភាព និងសាមគ្គីភាព នៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី គឺមិនអាចខ្វះបានទេ ដើម្បីដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺដ៏សាហាវនេះ និងធានាបាននូវការស្តារឡើងវិញយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព នៅដំណាក់កាលក្រោយជំងឺរាតត្បាត។
នៅចំពោះមុខរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ដូចជាមន្ត្រីនានារបស់នេប៉ាល់ លោក អ៊ុច បូររិទ្ធ បានសម្តែងសេចក្តីសោមនស្សរីករាយ ដោយកត់សម្គាល់ឃើញថា ចំណងមិត្តភាពរវាងកម្ពុជា និងនេប៉ាល់ មានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ខ្ពស់ និងកិច្ចសន្ទនានៅគ្រប់កម្រិត ជាញឹកញាប់ រវាងភាគីទាំងពីរ។ អ្វីដែលសំខាន់បំផុតនោះគឺ ទស្សនកិច្ចប្រកបដោយផ្លែផ្កា និងជាប្រវត្តិសាស្ត្ររបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅនេប៉ាល់ ក្នុងឆ្នាំ២០១៨ និងទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី ខេ ភី សាម៉ា អូលី នៅកម្ពុជា ក្នុងឆ្នាំ២០១៩ ដែលនៅក្នុងឱកាសនោះ កិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានចុះហត្ថលេខា។
លោកបន្ថែមថា «ជាមួយនឹងសេចក្តីប្រាថ្នា និងការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសយើងទាំងពីរ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាដែលមានស្រាប់រវាងប្រទេសទាំងពីរនឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនយើងទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរួម នៅក្នុងតំបន់ និងពិភពលោក»។
សូមបញ្ជាក់ថា អំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាលនៃប្រទេសនេប៉ាល់រួមមាន៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ។
នេប៉ាល់ ជាប្រទេសទី៤ហើយ ដែលកម្ពុជាបានផ្តល់ជំនួយម៉ាស់ និងបរិក្ខារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវអំណោយជាម៉ាស និងបរិក្ខារពេទ្យជូនដល់បណ្តាប្រទេសចំនួន ៣ផងដែរ។ រួមមានរដ្ឋាភិបាលឡាវ បានផ្តល់ម៉ាស់ចំនួន ២លាន និងបរិក្ខារពេទ្យមួយចំនួន, រដ្ឋាភិបាលមីយ៉ាន់ម៉ា ម៉ាសចំនួន ២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួន និង រដ្ឋាភិបាលទីម័រឡេស្ត ម៉ាសចំនួន ១លាន ៥ម៉ឺន និងបរិក្ខារពេទ្យមួយចំនួន។
ជំនួយសម្ភារបរិក្ខារពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនដល់បណ្តាប្រទេសជាមិត្ត ជាការបង្ហាញឱ្យឃើញនូវកាយវិការមនុស្សធម៌របស់កម្ពុជា និងជាស្មារតីចូលរួមដ៏មុតមាំមួយរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕