(កំពត)៖ លោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានដឹកនាំសមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខាកាកបាទក្រហម ស្រុកពាក់ព័ន្ធ ព្រមទាំងជួរថ្នាក់ដឹកនាំកងកម្លាំងទាំងបីប្រភេទ ស្ថាប័នមន្ទីរ អង្គភាព អអាជ្ញាធរពាក់ព័ន្ធ ជាច្រើនរូប ចុះធ្វើការផ្ដល់អំណោយ ដល់ប្រជាពលរដ្ឋងាយរងគ្រោះ ប្រមាណ១០០គ្រួសារ មកពីស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ នៅសាលាបឋមសិក្សា អ៊ុយ ស៊ើង ត្រាំសសរ ក្នុងស្រុកបន្ទាយមាស។
ក្នុងពិធីផ្ដល់អំណោយនោះ លោកអភិបាលខេត្ត ជាវ តាយ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ដោយមិនដែលទុកចោល ឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់ស្បៀងអាហារ និងមានការដោះស្រាយអ្វីឡើយ។
លោកអភិបាលខេត្ត បានបន្តថា បើទោះបីអំណោយដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ មានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋ បានមួយគ្រាផងដែរ។
ទន្ទឹមគ្នានេះ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកក៏ដូចអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល ឲ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩។
អំណោយកាកបាទក្រហម ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន១០០គ្រួសារ រួមមាន ក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេះ, ទឹកត្រី១យួរ, ស្ករស១គីឡូក្រាម និងថវិកា២ម៉ឺនរៀល ព្រមទាំងបានឧបត្តម្ភជូនទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាកបាទក្រហម បុគ្គលិកពេទ្យ នគរបាល កងរាជអាវុធហត្ថ ប្រជាការពារ សរុបចំនួន៥៧ម៉ឺនរៀល៕