(មណ្ឌលគិរី)៖ ក្រុមតន្រ្តីមួយក្រុមធ្វើដំណើរទៅប្រគំតន្រ្តីអបអរសាទរការឡើងកាន់តំណែងរបស់អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ អ៊ាង ដែលទើបចូលកាន់តំណែងនាព្រឹកមិញនេះ បានជួបគ្រោះក្រឡាប់រថយន្តរបួសធ្ងន់ពីរនាក់ នៅវេលាម៉ោងប្រមាណ ៣ រសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅក្នុងភូមិអណ្តូងក្រឡឹង ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
លោក ឆាំ កុសល ដែលជាអ្នកស្ថិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដែរនោះ បានថ្លែងប្រាប់ Fresh News ថា ជនរងរបួសធ្ងន់ដោយ សារគ្រោះថ្នាក់ចរាចរនេះ គឺជាគ្រូភ្លេង ដ៏ល្បីនៅក្នុងប្រទេសកម្ពុជា គឺលោក ចៅ ពេជ្រ និង លោក ចេវ។ ជនរងគ្រោះទាំងពីរនាក់ ត្រូវ បានបញ្ជូនភ្លាមៗ មកសង្រ្គោះនៅរាជធានីភ្នំពេញ។
លោក ឆាំ កុសល បានឲ្យដឹងថា បន្ទាប់ពីមានការអញ្ជើញពីក្រុមគ្រួសារលោកអភិបាលខេត្តមណ្ឌលគិរី ឲ្យទៅប្រគំតន្រ្តី ដើម្បីអបអរ សាទរការឡើងកាន់តំណែងនោះ ក្រុមភ្លេងរបស់លោក បានធ្វើដំណើរតាមរថយន្តហាយឡែនឌ័រ ពណ៌ក្រហមមួយគ្រឿង ចេញ ដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តមណ្ឌលគិរី។ លុះដល់ចំណុចកើតហេតុ ដែលស្ថិតនៅចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ទៀតពីទីរួមខេត្ត ក៏ជួបគ្រោះក្រឡាប់រថយន្តតែម្តង ដោយសារអ្នកបើកបរមិនស្គាល់ស្ថានភាពផ្លូវ ហើយបើកបរលឿន។
បើតាមលោក ឆាំ កុសល បានឲ្យដឹងថា ក្រោយពីជួបគ្រោះថ្នាក់ចរាចរ ពួកគាត់ ក៏ខកខានក្នុងការប្រគំតន្រ្តីនាំភាពសប្បាយរីករាយ ចំពោះការឡើងកាន់តំណែងរបស់លោកអភិបាលខេត្ត ស្វាយ អ៊ាង ផងដែរ៕
ក្រុមតន្រ្តីទៅប្រគំអបអរសាទរ ការឡើងកាន់តំណែងអភិបាលខេត្តមណ្ឌលគិរី ជួបគ្រោះក្រឡាប់រថយន្តរបស់ធ្ងន់ពីរនាក់
Posted by Fresh News on Thursday, February 18, 2016