(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេ ស្ថិតនៅក្នុងភូមិគគីរ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ និងបានណែនាំដល់អាជ្ញាធរស្រុក សហការជាមួយមន្ត្រីជំនាញ ចុះសិក្សាច្រាំងទន្លេមេគង្គ ដែលបានបាក់ស្រុតកន្លងមក ដើម្បីលើកផែនការ ជួសជុលឲ្យបានទាន់ពេលវេលាឡើងវិញ។
បើតាមលោក ស៊ឹម គង់ អភិបាលស្រុកស្រីសន្ធរ បានឲ្យដឹងថា ក្នុងដំណើរអញ្ជើញចុះត្រួតពិនិត្យការបាក់ច្រាំងទន្លេនេះ លោកអភិបាលខេត្ត បានប្រាប់ឲ្យអាជ្ញាធរស្រុក ចុះសហការសិក្សា ជាមួយមន្ត្រីធនធានទឹក និងឧតុនិយម នូវទីតាំងច្រាំងទន្លេ ដែលបានបាក់កន្លងមក ដើម្បីលើកគម្រោងជួសជុលទប់ស្កាត់ ការពារការបាក់ស្រុត បន្តទៀត។
លោកអភិបាលស្រុក បានបន្តថា ច្រាំងទន្លេចំនួន២កន្លែង ដែលរងការបាក់ស្រុត រយៈពេលប្រមាណជា២ឆ្នាំ កន្លងទៅដែលលោកអភិបាលខេត្ត បញ្ជាឲ្យចុះសិក្សា ដើម្បីលើកគម្រោងជួសជុលនោះ មាននៅភូមិគគីរ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ប្រវែងជាង៦០០ម៉ែត្រ និងមួយកន្លែងទៀត នៅភូមិឫស្សីស្រុក ឃុំឫស្សីស្រុក ស្រុកសន្ធរ មានប្រវែងជាង ១.០០០ ម៉ែត្រ៕