(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ទៀត លើពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។
នៅថ្ងៃនេះ ក្រសួងសុខាភិបាល ក៏បានប្រកាសពីការមិនមានករណីព្យាបាល ជាសះស្បើយពីជំងឺកូវីដ១៩ ថ្មីនោះទេ។
អ្នកឆ្លងកូវីដ១៩ថ្មីនេះ គឺជាស្ត្រីជនជាតិខ្មែរ អាយុ២១ឆ្នាំ ស្នាក់នៅភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៨២នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៦២នាក់ និងអ្នកជំងឺចំនួន២០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕