(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន នាថ្ងៃ០៣ ខែមករា ឆ្នាំ២០២១នេះ បានចុះសំណេះសំណាលសួរសុខក្រុមគ្រូពេទ្យ ដែលកំពុងបំពេញបេសកកម្មនៅមណ្ឌលចត្តាឡីស័ក ផ្ទះសំណាក់គ្រូបង្រៀនក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលន។
ក្នុងឱកាសនោះ លោកស្រីអភិបាលខេត្តបានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យទាំងអស់ ឲ្យយកចិត្តទុកដាក់ក្នុងពិនិត្យព្យាបាលជូនពលករ ដែលទើបនឹងឆ្លងដែនមកពីប្រទេសថៃ ព្រមទាំងធ្វើយ៉ាងណាឲ្យគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល អ្នកដែលទើបនឹងមកពីក្រៅប្រទេសត្រូវនៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
ចំពោះអ្នកដែលឆ្លងជំងឺ គឺត្រូវនៅបន្តព្យាបាលរហូតជាសះស្បើយ ទើបអាចចេញពីមណ្ឌលចត្តាឡីស័កបាន ពីព្រោះប្រសិនបើមានការធ្វេសប្រហែសនោះ អាចមានការឆ្លងចូលដល់សហគមន៍ គឺមានហានិភ័យខ្លាំងបំផុត។
លោកស្រីបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ ចំពោះការលះបង់ដ៏ធំធេងសម្រាប់ការចូលរួមប្រឆាំងនឹងជំងឺកូវីដ-១៩ និងលើកទឹកចិត្តដល់គ្រូពេទ្យឲ្យថែរក្សាការងារសុខភាព និងសុវត្ថិភាពខ្លួនឯងជាមុន មុននឹងចូលព្យាបាលជូនអ្នកជំងឺ៕