(ព្រះវិហារ)៖ លោក គោស៊ុ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារខេត្ត ស្រុក បន្តចុះពិនិត្យ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីប្រចាំការ នៅមណ្ឌលចត្តាឡីស័ក ចំនួន០៥ស្រុក រួមមាន៖ ស្រុកឆែប ស្រុកជ័យសែន ស្រុករវៀង ស្រុកសង្គមថ្មី និងស្រុកគូលែន។
ក្នងឱកាសនោះ លោក គោស៊ុ ប៊ុនសឿត បានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត ហើយលោកសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលលះបង់កម្លាំងកាយចិត្តបំពេញបេសកកម្ម ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យ៉ាងជោគជ័យ នាពេលកន្លងមក និងបានផ្តាំផ្ញើដល់មន្ត្រីប្រចាំការ ត្រូវបន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំពេញភារកិច្ច ពិសេសត្រូវខិតខំប្រមូល ព័ត៌មានពាក់ព័ន្ធ នឹងបងប្អូនប្រជាពលរដ្ឋ ដែលត្រឡប់មកពីក្រៅប្រទេស ធ្វើយ៉ាងណាណែនាំផ្សព្វផ្សាយ និងតម្រូវឲ្យពួកគាត់មកសម្រាកធ្វើចត្តាឡីស័ក នៅមណ្ឌលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋ ដែលត្រឡប់មកពីក្រៅប្រទេស ត្រូវចូលរួមអនុវត្តដោយធ្វើចត្តាឡីស័ក ឲ្យគ្រប់រយៈពេល១៤ថ្ងៃ តាមវិធានការ ការពាររបស់ក្រសួងសុខាភិបាល រាជរដ្ឋាភិបាល ក្នុងការចូលរួមទប់ស្កាត់ការរីករាលកូវីដ-១៩ ហើយត្រូវមានការជឿជាក់ លើក្រុមគ្រូពេទ្យ និងអាជ្ញាធរក្រុង ស្រុក និងខេត្ត ក្នុងការការពារសុវត្ថិភាព និងសុខភាពរបស់បងប្អូន។
ជាមួយគ្នានេះដែរ លោក គោ ស៊ុប៊ុនសឿត ក៏បានថ្លែងនូវការណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តន៍ឲ្យបានទៀងទាត់ តាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល ពោលគឺត្រូវឧស្សាហ៍លាងសម្អាតដៃ ដោយសាប៊ូ ទឹកអាល់កុលឫជែលឲ្យបានញឹកញាប់ ត្រូវពាក់ម៉ាស់ការពារជានិច្ច ពេលស្ថិតក្នុងទីប្រជុំជន ឫក្នុងកម្មវិធីជួបជុំផ្សេងៗ ក៏ដូចជារក្សាគម្លាតសុវត្ថិភាព១.៥០ម៉ែត្រពីគ្នា ក្នុងគោលបំណងការពារខ្លួនយើងកុំឲ្យឆ្លងមេរោគកូវីដ-១៩ និងបន្តឆ្លងទៅក្រុមគ្រួសារ ក៏ដូចជាសហគមន៍របស់យើងផងដែរ។
សូមបញ្ជាក់ថា ថវិកាដែលផ្តល់ជូនរួមមាន សម្រាប់បងប្អូនដែលសម្រាកនៅមណ្ឌលចត្តាឡីស័កទាំង៥មណ្ឌល ចំនួន៤នាក់ ក្នុងម្នាក់ៗថវិកាចំនួន៣ម៉ឺនរៀល។ សម្រាប់មន្រ្តីប្រចាំការនៅមណ្ឌលចត្តាឡីស័ក៥៧នាក់ ក្នុងម្នាក់ៗថវិកា០៣ម៉ឺនរៀល, សម្រាប់នាយកសាលា មន្ត្រីនគរបាលការពារ និងសម្រួលចរាចរណ៍ទាំង ០៥ទីតាំង ចំនួន៣០នាក់ ក្នុងម្នាក់ៗ ថវិកាចំនួន២ម៉ឺនរៀលផងដែរ៕