(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០១៥ កន្លងទៅនេះ ពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេស មានចំនួនសរុប ៦១៩,៣៥៩នាក់ ដែលចំនួននេះបានធ្លាក់ចុះខុសពីឆ្នាំមុន ប្រមាណ១០ម៉ឺននាក់។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារ ដែលប្រកាសបន្ទាប់ពីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ខ្លួន នៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឱ្យដឹងថា ពលករកម្ពុជាដែលកំពុងធ្វើការនៅបរទេស នាបច្ចុប្បន្នមានចំនួន ៦១៩,៣៥៩នាក់ ក្នុងនោះមាននៅប្រទេសថៃ ៥៣៣,៧០៧នាក់ ម៉ាឡេស៊ី ៣៨,៦៣៣នាក់ ប្រទេសកូរ៉េខាងត្បូង ៤៤,៣៣០នាក់ ជប៉ុន ២,២៨៨នាក់ និងនៅប្រទេសសិង្ហបុរី ៤០១នាក់ ។
ទោះជាយ៉ាងនេះក្តី បើតាមរបាយការណ៍កាលពីឆ្នាំមុន បានឱ្យដឹងថា ពលករខ្មែរដែលធ្វើការស្របច្បាប់នៅក្រៅប្រទេសមានរហូតដល់៧២ម៉ឺននាក់ ក្នុងនោះនៅប្រទេសថៃ មានចំនួន៦៤ម៉ឺននាក់ ដែលជាចំនួនច្រើនជាងគេ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ Fresh News ឱ្យដឹងថា ការធ្លាក់ចុះនេះត្រូវបានរកឃើញបន្ទាប់ពីប្រទេសថៃធ្វើជំរឿនជាថ្មី កាលពី ឆ្នាំមុន។ លោកថា កន្លងមកកម្ពុជាបានប្រើប្រាស់តួលេខរបស់ថៃដែលធ្វើជំរឿន កាលពីឆ្នាំ២០០៤ ប៉ុន្តែនៅពេលធ្វើជំរឿនជាថ្មីនេះ ឃើញថាពលករខ្មែរមានការប្រែប្រួល។
លោកថា «វាមានការថយចុះដោយសារមានការពាក់ព័ន្ធនឹងពលករដែលបានទៅធ្វើការនៅប្រទេសថៃ ដែលកន្លងមកយើងបានប្រើប្រាស់តួលេខជំរឿនរបស់ក្រសួងការងារថៃ កាលពីខែ១០ ឆ្នាំ២០០៤ គឺប្រទេសថៃគាត់ធ្វើជំរឿនទៅមានពលករយើងនៅទីនោះជាង៦០ម៉ឺននាក់ក៏ប៉ុន្តែកាលពីខែមិថុនា ឆ្នាំ២០១៥ គឺខាងប្រទេសថៃ គាត់បានធ្វើជំរឿនឡើងវិញ គឺឃើញថាប្រជាពលករយើងដែលនៅប្រទេសថៃនេះ មានចំនួនត្រឹមតែ ជាង៤០ម៉ឺននាក់ប៉ុណ្ណោះ អញ្ចឹងហើយបានជាយើងឃើញថា ចំនួននេះមានការប្រែប្រួល» ។
ទោះជាយ៉ាងនេះក្តី លោកបញ្ជាក់ថា ការថយចុះតួលេខនៃពលករខ្មែរនៅក្រៅប្រទេសនេះមានតែប្រទេសថៃប៉ុណ្ណោះ ចំណែកប្រទេសផ្សេងៗទៀតមិនមានការធ្លាក់ចុះទេ។
បច្ចុប្បន្នក្រៅពីការបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង ជប៉ុន និងសិង្ហបុរី កម្ពុជាក៏បានចុះកិច្ចព្រមព្រៀងដើម្បីបញ្ជូនពលករទៅធ្វើការនៅប្រទេស អារ៉ាប៊ីសាអូឌីតផងដែរ ហើយឆ្នាំ២០១៥ កន្លងទៅនេះ កម្ពុជាបានទទួលចំណូលជាង១ពាន់លានដុល្លារ ពីការបញ្ជូនពលករទៅក្រៅប្រទេស៕