(ព្រៃវែង)៖ លោក ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្តុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំចាយមារ ខេត្តព្រៃវែង នារសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ បានអញ្ជើញនាំយកអង្ករ ជាអំណោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី ទៅចែកជូនបងប្អូន ប្រជាពលរដ្ឋជួបការលំបាកខ្វះខាតខាងជីវភាព នៅក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩ ចំនួនជាង៧០០គ្រួសារ នៅក្នុងឃុំចំនួន៣ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ។

ចាប់ផ្តើមការសំណេះសំណាល ទៅកាន់ប្រជាពលរដ្ឋលោក ស្តើង សុខុម បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងជាពិសេសសម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹក និងគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅជាទីបំផុត និងជូនពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួបតែសេចក្ដីសុខនៅក្នុងឆ្នាំថ្មី និងជៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា ។

លោក ស្តើង សុខុម បានបន្តថា ជាមួយការជូនពរនេះ សម្តេចក្រឡាហោម ស ខេង ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ បន្តបង្កើនការប្រុងប្រយ័ត្ន ហើយអនុត្តវិធានការនានាតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជា កាត់បន្ថយការប្រមូលផ្ដុំ ការប្រើម៉ាស និងលាងដៃជាមួយសាប៊ូឲ្យបានញឹកញ៉ាប់។

លោកក៏បានជម្រាបប្រជាពលរដ្ឋឲ្យបានដឹងផងដែរ នូវវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងកូវីដ១៩ ដោយមានការភាពច្បាស់លាស់ និងការចាត់ចែង បញ្ជាផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន ប្រទេសរបស់យើង ត្រូវបានគេចាត់ចំណាត់ថ្នាក់លើកទី ១ ថាចំណាត់ថ្នាក់លេខ១ នៅអាស៊ី និងលេខ៣ នៅលើពិភពលោក។ រយៈពេលចុងក្រោយនេះ គេចាត់ទុកថាលេខ១ពិភពលោក។ ក៏ប៉ុន្តែយើងក៏មិនអាចធ្វេសប្រហែស បាននោះទេ ទោះបីថាពិភពលោក បានប្រកាសរកឃើញ វ៉ាក់សាំងប្រឆាំងកូវីដ១៩ ក៏ដោយតែមិនទាន់មានវ៉ាក់សាំងណាមួយ ត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់នៅឡើយទេ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានបញ្ជាទិញវ៉ាក់សាំង១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋ ដោយមិនគិតលុយនៅដំណាក់កាលដំបូង និងបន្តទិញវ៉ាក់សាំងបន្ថែមទៀត ដើម្បីចាប់ជូនប្រជាពលរដ្ឋប្រមាណ១២លាននាក់។

លោក ស្តើង សុខុម បានបន្តថា កូវីដ១៩ បានរាតត្បាតពិភពលោកពេញ១ឆ្នាំ២០២០នេះ វាមិនត្រឹមតែបំផ្លាញជីវិតមនុស្សទេ តែវាបំផ្លាញនូវជីវភាពសង្គមជីវភាពធម្មតា របស់ប្រជាពលរដ្ឋបំផ្លាញសេដ្ឋកិច្ច នៅតាមបណ្តាប្រទេសនានាលើពិភពលោក។ ចំណែកកម្ពុជាយើង កូវីដក៏បានបង្កនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ សេដ្ឋកិច្ច និង ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ បងប្អូនកម្មករពលករចំណាកស្រុករាប់ម៉ឺននាក់ បានបង្ខំចិត្តវិលត្រឡប់មកស្រុកកំណើតវិញ ដោយសារតែការបិទ និងផ្អាកដំណើរការរោងចក្រ បិទសណ្ឋាគារមួយចំនួន និងការបិទព្រំដែនប្រទេស និងប្រទេស។

លោក ស្តើង សុខុម បានន្តថា ក្នុងស្ថានភាពដ៏លំបាបនេះ យើងទាំងអស់គ្នាពិតជាអរគុណ និងដឹងគុណប្រកបដោយកត្តញូតាធម៌ ដ៏ជ្រាលជ្រៅបំផុតចំពោះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល ដែលបានខិតខំជួយទំនុបបំរុង ដល់បងប្អូនប្រជាពលរដ្ឋ ដែលប៉ះពាល់ជីវភាព ដោយសារកូវីដ១៩ រាជរដ្ឋាភិបាលមិនបានព្រងើយកន្តើយ ចំពោះការលំបាករបស់ប្រជាជនក្រីក្រនោះទេ។ រាជរដ្ឋាភិបាលបានគិតគូ ជាបន្តបន្ទាប់ដោយបានបើក ផ្តល់សាច់ប្រាក់ឧបត្ថម្ភ ប្រចាំខែក្នុងរដូវកាលកូវីដ១៩ ហើយនឹងបន្តរហូតដល់ខែមិនា ឆ្នាំ២០២១។

លោក ស្តើង សុខុម បានទាញអារម្មណ៍ប្រជាពលរដ្ឋទាំងអស់ឲ្យចងចាំថា « អ្នកត្រូវចាំឲ្យបានថា មេដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសប្រកបដោយគតិបណ្ឌិត រួមជាមួយមេដឹកនាំជាច្រើនរូបទៀត ជាអនុប្រធានគណបក្សមិនបណ្ដោយប្រជាជនណាម្នាក់ ស្លាប់ដោយអត់បាយ ដោយយើងមិនបានដឹង ហើយមិនបានដោះស្រាយនោះទេ»

លោកបានគូសរំលេចបន្ថែមថា «ចាប់តាំងពីថ្ងៃបដិសន្ធិមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់ រួមសុខទុក្ខជាមួយប្រជាជនពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរាដើម្បី បុព្ធហេតុសុខសន្តិភាព និងវឌ្ឍនភាពសង្គម។ នៅពេលប្រជាមានការលំបាក គឺតែងតែមានវត្តមានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជានិច្ច។ គណបក្សប្រជាជនដែល កំពុងដឹកនាំរាជរដ្ឋាភិបាល ដែលបងប្អូន តែងតែបោះឆ្នោតគាំទ្ររហូតមកនេះ គឺតែងផ្សារភ្ជាប់មន្រ្តីរបស់ខ្លួន ជាមួយសុខទុក្ខរបស់ប្រជាជនហេតុដូចនេះហើយ បានជាគេតែងឃើញវត្តមានមន្រ្តីរាជរដ្ឋាភិបាល ក៏ដូចជាមន្រ្តីគណបក្សប្រជាជន ចុះទៅតាមមូលដ្ឋានដើម្បីតាមដានតម្រូវការ ស្តាប់ពីក្ដីកង្វល់ និងសំណូមពរនានារបស់បងប្អូនប្រជាពលរដ្ឋហើយរួមគ្នាពីថ្នាក់លើ រហូតដល់ថ្នាក់ក្រោមជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ,មន្រ្តីគណបក្សប្រជាជនមានទំលាប់រួមសុខរួមទុក្ខជាមួយប្រជាជន មិនមែនរួមតែ សុខហើយនៅពេលមានទុក្ខរត់ចោលនោះទេ»

លោកបានបន្តទៀតថា ដោយឡែកស្រុកកំចាយមារ ខេត្តព្រៃវែងរបស់យើង ដែលមានសម្តេចក្រឡាហោម ស ខេង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង ហើយក៏ជាអ្នកដែលមានស្រុកកំណើតនៅទីនេះផងនោះ លោកក៏មិនដែលបានបំភ្លេចបងប្អូននោះទេ ជាក់ស្តែងពេលនេះ ទោះបីបងប្អូនបានទទួលប្រាក់ឧបត្ថម្ភ ប្រចាំខែពីរាជរដ្ឋាភិបាល ហើយក៏ដោយ តែសម្តេចក៏នៅតែមានអង្ករ និងគ្រឿងឧបភោគបរិភោប បន្តចែកជូនបងប្អូនជាបន្តបន្ទាប់រហូតមក។

លោកសូមគោរពថ្លែងអំណរគុណ និងដឹងគុណប្រកបដោយកត្តញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះសម្តេចក្រឡាហោម ស ខេង និងលោកស្រី ញ៉ែម សាខន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា។ ដូចនេះជាកិច្ចតបស្នង ចំពោះគុណូបការៈនេះអ្វី ដែលបងប្អូនត្រូវធ្វើបន្ត គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសថែរក្សានៅសុខសន្តិភាព និងកិច្ចអភិវឌ្ឍន៍ជាតិ។

លោក ស្តើង សុខុម បានបន្តថា ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសនាំមកនូវសមិទ្ធផលជូនជាតិ និងប្រជាជនយ៉ាងច្រើន ឥតគណនាយើងមានផ្លូវជាតិ មានស្ពានឆ្លងកាត់ទន្លេដៃសមុទ្រ មានសាលារៀនមានមន្ទីរពេទ្យ ប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង។ ហើយថ្មីៗនេះ សមិទ្ធផលសន្តិភាពដែល កើតចេញពីនយោបាយឈ្នះឈ្នះ ២៩ ធ្នូ ឆ្នាំ ១៩៩៨ បាននាំមកនូវសមិទ្ធផលថ្មី ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា គឺដំណក់ប្រេងលើកដំបូងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

ភោគលាភដែលទទួលបានពីអណ្ដូងប្រេង គឺជាពរជ័យសម្រាប់កម្ពុជា ហើយវាក៏ជាសមិទ្ធិផលជាប្រវត្តិសាស្រ្តថ្មីមួយទៀត របស់កម្ពុជាក្រោមការដឹកនាំ ប្រកបដោយ ភាពវៃឆ្លាត សម្បូរទៅដោយទស្សនវិជ្ជារបស់សម្តេចតេជោ សែន ដែលធ្វើដំណើរទៅមុខជានិច្ច ដោយមិនវិលត្រឡប់ថយក្រោយ។ ទស្សនវិជ្ជាមួយនេះ ហើយដែល បាននាំប្រទេសចេញផុតពីភ្លើងសង្រ្គាម នាំពីប្រទេសចេញផុតពីភាពក្រីក្រ មកជាប្រទេសមួយដែលមានភាពស្មើមុខស្មើមាត់ ជាមួយប្រទេសដ៏ទៃទៀត លើសាកលលោក។ កម្ពុជាកំពុងស្ថិតនៅលើផ្លូវមួយដ៏ត្រឹមត្រូវប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ទាំងឱកាសសិក្សារៀនសូត្រការគោរពទៅលើ ជំនឿសាសនា សិទ្ធិក្នុងការប្រកបការងារសិទ្ធិនៃការធ្វើដំណើរ ទាំងអស់នេះ គឺបានមកពីសមិទ្ធិផលសន្តិភាព, ដូចនេះត្រូវខិតខំថែរក្សាសន្តិភាព ឲ្យបានគង់វង្ស ។

ជាមួយគ្នានេះ លោក ស្តើង សុខុម ក៏បានលើកទឹកចិត្ត ឲ្យបងប្អូនប្រជាពលរដ្ឋត្រូវខិតខំជួយខ្លួនឯងផងដែរ តាមរយៈការខិតខំធ្វើការងារកសិកម្ម ការដាំដុះដំណាំ និង ចិញ្ចឹម សត្វ ដើម្បីបង្កើនជីវភាពគ្រួសារបន្ថែម លើប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។

ដោយសារកត្តាភូមិសាស្រ្ត និងធម្មជាតិ បងប្អូនប្រជាពលរដ្ឋក្នុងស្រុកកំចាយមារ រស់នៅដោយប្រកបរបរកសិកម្ម ការងារបង្កបង្កើនផលស្រូវ ដាំដំណាំ និងចិញ្ចឹមសត្វ។ ក្រៅពីមុខរបរខាងលើបងប្អូនប្រជាពលរដ្ឋ បានធ្វើចំណាកស្រុកទៅរកការងារធ្វើជាកម្មកររោងចក្រ កម្មករសំណង់ នៅរាជធានីភ្នំពេញ និង តាមបណ្តាខេត្ត និង ធ្វើចំណាកស្រុក ទៅក្រៅប្រទេស មានប្រទេសថៃ ចិន ម៉ាឡេស៊ី និងប្រទេសកូរ៉េ, ប្រាក់ចំណូលដែលបានមកពីការធ្វើចំណាកស្រុកនេះ បានធ្វើឲ្យប្រជាពលរដ្ឋ មានជីវភាពកាន់តែប្រសើឡើង ប្រជាពលរដ្ឋបានសង់ផ្ទះធំៗខ្ពស់ៗ និង មានសម្ភារប្រើប្រាស់ទំនើបៗ។ ក៏ប៉ុន្តែកូវីដ១៩ បានបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចកើតមានឡើង ប្រជាពលរដ្ឋចំណាកស្រុកភាគច្រើន បានវិលមកកាន់ផ្ទះសម្បែងវិញ ប្រាក់ចំណូលត្រូវបាត់បង់ ទើបធ្វើឲ្យចំនួនគ្រួសារក្រីក្រមានការកើនឡើង។

បើតាមការចុះកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រទូទាំងស្រុក កំចាយមារមានគ្រួសារក្រីក្រចំនួន៥,១៧៦គ្រួសារ លើគ្រួសារសរុបក្នុងស្រុកចំនួន២៥,៨០១គ្រួសារ។ ក្នុងនោះ គ្រួសារក្រ១ និងក្រ២ មុនកូវីដ១៩ មានចំនួន៣,៨៤២គ្រួសារ និងគ្រួសារក្រ១ និងក្រ២ ក្នុងពេលកូវីដ១៩កើនចំនួន១,៣៤៦គ្រួសារថែមទៀត។
ដោយមើលឃើញពីការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំងឺកូវីដ-១៩ និងរងគ្រោះផ្សេងៗ សម្តេចក្រឡាហោម ស ខេង និងលោកស្រី បានឧបត្ថម្ភអង្ករចំនួន ៤៥,៦៨០គីឡូក្រាម ដល់ស្រុកកំចាយមារ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាតដើម្បីជួយសម្រួល ក្នុងជីវភាពប្រចាំថ្ងៃ ។ នេះបើយោងតាមការបញ្ជាក់ របស់លោក សឿង សុជាតិ អភិបាលស្រុកកំចាយមារ។

អំណោយសម្តេចក្រឡាហោម ស ខេង និងលោកស្រីនាពេលនេះ ត្រូវបានចែកជូនប្រជាពលរដ្ឋមួយគ្រួសារ ទទួលបានអង្ករចំនួន២៥គីឡូក្រាម សម្រាប់ប្រជាពលរដ្ឋចំនួនប្រមាណជាង៧០០គ្រួសារ នៅក្នុងឃុំចំនួនបី គឺឃុំស្មោងខាងជើង ស្មោងខាងត្បូង និងឃុំដូនកឹង៕