(ព្រៃវែង)៖ លោក ស្តើង សុខុម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំចាយមារ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការអនុវត្តការងារឆ្នាំ ២០២០ និងលើកទិសដៅបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំចាយមារ។
នៅក្នុងកិច្ចប្រជុំ ដែលមានការបើកទូលាយផ្ទៃក្នុង ដោយមានការពិភាក្សាទៅលើរបាយការណ៍ និងការសួរដេញដោលគ្នា អស់រយៈពេលប្រមាណជិត៤ម៉ោង ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំចាយមារបានរួមគ្នាគិត ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលកំពុងកើតមាននៅក្នុងស្រុកកំចាយមារ។
បញ្ហាដែលត្រូវបានលើកឡើង មានដូចជាទំនាស់ដីធ្លី ការរំលោភដីធ្លីសាធារណៈរបស់រដ្ឋ ដែលបញ្ហានេះ លោកប្រធានក្រុមការងារ បានស្នើឲ្យអាជ្ញាធរឃុំសង្កាត់ ត្រូវដោះស្រាយឲ្យបានលឿន ដោយផ្អែកទៅលើច្បាប់ ប្រសិនបើការចរចារវាងភាគីទំនាស់មិនឯក ភាពទៅលើដំណោះស្រាយរបស់អាជ្ញាធរ។
ជាមួយគ្នានេះ លោកក៏បានណែនាំឲ្យជំនាញគួរតែស្នើ ទៅមន្ទីររៀបចំដែនដីខេត្តធ្វើការផ្តល់បណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ ភូមិ ឃុំ ដោយលោកបានបញ្ជាក់ថា ការបន្លឿការផ្តល់បណ្ណកម្មសិទ្ធិដីធ្លីនេះ វាផ្តល់ភាពវិជ្ជមានចំនួន២៖
ទី១៖ ធ្វើឲ្យប្រជាពលរដ្ឋមានភាពប្រាកដប្រជា ចំពោះកម្មសិទ្ធិរបស់ខ្លួន ដែលខ្លួនអាចធ្វើអាជីវកម្ម ឬការដាំដុះអ្វីមួយ
ទី២៖ វាផ្តល់ឲ្យប្រជាពលរដ្ឋអាចប្រើប្រាស់បណ្ណនេះក្នុងការខ្ចីបុលពីធនាគារយកមកវិនិយោគបន្ថែម លើមុខរបររបស់គាត់ ហើយវាជាមធ្យោបាយមួយ ក្នុងការកាត់បន្ថយទំនាស់ដីធ្លីផងដែរ។
ពាក់ព័ន្ធបញ្ហាទឹកសម្រាប់បង្កបង្កើនផល ទោះបីថាស្រុកកំចាយមារ ប្រព័ន្ធធារាសាស្រ្តឆ្លងកាត់រហូតដល់ទៅ៥ ក៏ដោយតែប្រជាពលរដ្ឋ នៅតែខ្វះខាតទឹកប្រើប្រាស់ និងលិចលង់ជារៀងរាល់ឆ្នាំ ដោយសារថា ការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តនេះ ជាការងាររបស់មន្ទីរធនធានទឹក ចំណែកការងារបង្កបង្កើនផល វាជាជំនាញរបស់ផ្នែកកសិកម្ម ដូចនេះបញ្ហាវានៅតែកើតមាន។
លោក ស្តើង សុខុម ក៏បានស្នើឲ្យមានកិច្ចសហការឲ្យបានល្អ រវាងជំនាញទាំងពីរនេះ ដើម្បីឲ្យការរងារបង្កបង្កើនផលរបស់កសិករ មិនមានហានិភ័យតទៅទៀត។
ពាក់ព័ន្ធបញ្ហាបរិស្ថាននៅក្នុងស្រុក ដែលមិនមានអ្នកប្រមូលសំរាម និងទីលានចាក់សំរាម ធ្វើឲ្យប្រជាពលរដ្ឋបន្តចាក់សំរាមនៅក្នុងព្រែកប្រឡាយនោះ លោកប្រធានក្រុមការងារ បានស្នើឲ្យអាជ្ញាធរស្រុកស្វែងដៃ គូវិនិយោគទៅលើការងារប្រមូលសំរាមនេះ និងរកទីតាំងច្បាស់លាស់សម្រាប់ចាក់សំរាម។
ពាក់ព័ន្ធបរិស្ថាននៅតាមសាលារៀន លោកប្រធានក្រុការងារ បានស្នើឲ្យប្រធានករិយាល័យអប់រំស្រុក ចុះធ្វើការងារជាមួយនាយកសាលាទាំងអស់ ដោយទុកពេលវេលា១ខែ ឲ្យធ្វើការកែលម្អ បើធ្វើបាន ឬ មិនធ្វើតាម ស្នើឲ្យរដ្ឋបានស្រុកពិនិត្យ ក្នុងការដោះដូរចេញព្រោះរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំលោកខិតខំ កសាង អគារសិក្សាល្អៗ ជូនហើយបែរជាយើងមិនជួយថែរក្សា ហើយថែមទាំងបណ្តោយឲ្យព្រៃដុះពេញទីធ្លាសាលា បែកភក់ពេញទីធ្លា ហើយនាយកសាលា លោកគ្រូអ្នកគ្រូមិនខ្វល់នោះទេ។ ជាមួយគ្នានេះ គួរតែចេះថែរក្សាទ្រព្យសម្បត្តិទាំងអស់នេះឲ្យបានល្អ។
ពាក់ព័ន្ធបញ្ហាបងតូចបងធំ និងបញ្ហាគ្រឿងញៀន លោកប្រធានក្រុមការងារ បានស្នើឲ្យប៉ូលីស ស្រុក ប៉ុលីសប៉ុស្តិ៍ ត្រូវខិតខំលុបបំបាត់ ឲ្យអស់ពីក្នុងភូមិឃុំ។
ពាក់ព័ន្ធពលករចំណាកស្រុក ដែលជាការព្រួយបារម្ភ ក្នុងការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ លោក ស្តើង សុខុម បានលើកឡើងថា បច្ចុប្បន្នពលករចំណាកស្រុក មកពីប្រទេសថៃ ត្រូវបានសម្តេចតេជោ នាយករដ្ឋមន្រ្តី ឲ្យធ្វើចត្តាឡីស័ក និងយកសំណាកពិនិត្យ នៅតាមខេត្តជាប់ព្រំដែនតែម្តង។
លោកថា ក៏ប៉ុន្តែយើង ក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ គ្រែមានពលករចំណាកស្រុកខ្លះ ដែលគាត់គេចចេញពីព្រំដែន ដោយមិនបានពិនិត្យសំណាក និងធ្វើចត្តាឡីស័កត្រឹមត្រូវ ពេលរកឃើញគឺត្រូវនាំយកទៅធ្វើចត្តាឡីស័ក ឲ្យបាន១៤ថ្ងៃ។
សម្រាប់ការងារបន្ត លោក ស្តើង សុខុម បានជំរុញឲ្យមន្រ្តីក្រុមការងាររាជរដ្ឋាភិបាលសកម្ម ក្នុងការចុះទៅមូលដ្ឋាន ព្រោះនៅសល់តែ១ឆ្នាំទៀតប៉ុណ្ណោះ វាដល់ពេលបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ហើយ។
លោកប្រធាន ក៏បានលើកទឹកចិត្តឲ្យក្រុមការងារទាំងអស់ បន្តការធ្វើវេទិកាសាធារណៈ ដើម្បីក្តាប់នូវសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ រដ្ឋបាលភូមិ ឃុំ ត្រូវបន្តផ្តល់សេវាសាធារណៈ ឲ្យបានល្អជូនប្រជាពលរដ្ឋ។
លើសពីនោះទៀត ត្រូវពង្រឹងការងារការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋតាមរយៈគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងបន្តអនុវត្តន៍ឲ្យបានល្អ នូវគោលនយោបាយ យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល និងផែនការសកម្មភាពនានា ដែលបានដាក់ចេញ៕