(កណ្ដាល)៖ យុវជនម្នាក់បើករថយន្តបុកបង្គោលភ្លើងហើយ បានព្យាយាមរំដោះខ្លួនដោយយកកាំភ្លើង AK របស់នគរបាលបាញ់ជាច្រើនគ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ម្សិលមិញនេះ នៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ ទោះយ៉ាងណាយុវជនរូបនេះ មិនអាចគេចខ្លួនបាននោះឡើយ ក្រោមប្រតិបត្តិការផ្លេកបន្ទោរដឹកនាំផ្ទាល់ដោយស្នងការវ័យក្មេងខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានតាមប្រមាញ់ និងចាប់ខ្លួនបានមកវិញនៅយប់ថ្ងៃដដែល។

នគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្អាង បានរៀបរាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ប្រែក្លាយទៅជាឆាកប្រយុទ្ធបាញ់ប្រយុទ្ធដូចខ្សែភាពយន្តនេះយ៉ាងដូច្នេះថា នៅវេលាម៉ោងប្រមាណ ១៖៥០នាទីរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ យុវជនឈ្មោះ ពៅ ហុង អាយុ ២៧ឆ្នាំ បានបើករថយន្តធុនធំមួយគ្រឿងក្នុងទិសដៅពីត្បូងទៅជើង។ លុះដល់មុខប៉ុស្តិ៍នគរបាលសំពៅពូន ក៏រេចង្កូត ទៅបុកបង្គោលភ្លើងចំនួន ៣បង្គោល និងដាច់ខ្សែភ្លើងប្រមាណ ៦០ម៉ែត្រ។

បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍បានចេញឃាត់ថយន្ដ និងជនបង្កទៅទុកនៅប៉ុស្តិ៍ រង់ចាំថៅកែជាម្ចាស់រថយន្តចូលខ្លួនដោះស្រាយ ជួសជុលដាក់បង្គោលភ្លើង និងតភ្លើងឡើង។ នៅពេលថៅកែជាម្ចាស់រថយន្តឈ្មោះ គង់ ជៀបឡេង ភេទប្រុស អាយុ ៤០ឆ្នាំ មកដល់ប៉ុស្តិ៍នគរបាលសំពៅពូន វេលាម៉ោងប្រមាណ ២៖៤០នាទីរសៀលនោះ ក៏បានជួបនិយាយសម្របសម្រួលជាមួយនគរបាល។ ក្រោមកិច្ចចរចាសម្របសម្រួលនោះ ថៅកែរថយន្តបានយល់ព្រមជួយរកជាងមកជួសជុលបង្គោល និងតខ្សែភ្លើងឡើងវិញ។

នគរបាលនៃអធិការស្រុកស្អាងបន្តថា នៅវេលាម៉ោងប្រមាណ ៥ល្ងាច នៅពេលជាងកំពុងតខ្សែភ្លើងឡើងវិញនោះ ក៏មានប្រជាពលរដ្ឋមកដាក់ពាក្យបណ្ដឹង បាត់អត្តសញ្ញាណប័ណ្ណ និងធ្វើសៀវភៅស្នាក់នៅ។ ពេលនោះមន្ត្រីប៉ុស្តិ៍ បានចាក់សោរបើកទ្វាបន្ទប់ដាក់ឯកសារ ដើម្បីយកទម្រង់ឯកសារមកបំពេញបែបបទជូនប្រជាពលរដ្ឋ។

បន្ទាប់ពីបានយកឯកសារមកគ្រប់ហើយ មន្ត្រីនគរបាលរូបនោះ ក៏បានដើចេញមកក្រៅវិញដោយទាញទ្វារបិទ តែមិនបានចាក់សោរវិញទេ។ រំពេចនោះជនសង្ស័យជាអ្នកបើករថយន្តបង្កហេតុបុកបង្គោលភ្លើង ពៅ ហុង បានរត់ចូលបន្ទប់ដាក់ឯកសារ និងអាវុធ ដោយបានដាក់គន្លឹះទ្វារពីខាងក្នុង មិនឲ្យនរណាចូលទេ។

បើតាមមន្ត្រីនគរបាលបានឱ្យដឹងថា នៅក្នុងបន្ទប់ធ្វើការនោះ មានឯកសាររដ្ឋបាលប៉ុស្គិ៍ និងកាំភ្លើង AK ចំនួន០៣ដើម រួមមាន៖ AK ស្វាយបត់ ២ដើម និង AK ស្វាយកាត់ ១ដើម។

ក្រោយឃើញបែបនោះ ទាំងមន្ត្រីនគរបាល និងថៅកែរថយន្ត បាននិយាយលួងលោម ឲ្យយុវជនរូបនេះ ចេញមកក្រៅវិញ។ តែយុវជនរូបនេះ មិនព្រមចេញមកតាមការសំណូមពរនោះទេ។ ឃើញដូចនេះ មន្ត្រីនគរបាលបានរាយការណ៍ជូនលោកអធិការស្រុកកោះធំ ដើម្បីមានចំណាត់ការបន្ត។

លុះដល់ម៉ោងប្រមាណ ៧៖២៨នាទីយប់ ជនសង្ស័យក៏បានយកកាំភ្លើងនៅក្នុងនោះ បាញ់គំរាមលើចនគរបាលជាបន្តបន្ទាប់អស់ចំនួន០៣គ្រាប់។ ស្របជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងចម្រុះនៃស្នងការដ្ឋានចុះទៅដល់កន្លែងកើតហេតុផងដែរ។

បន្ទាប់ពីបាញ់អស់៣គ្រាប់ហើយ មួយសន្ទុះក្រោយមកជនសង្ស័យ ក៏បានបាញ់កាំភ្លើាងជាបន្ត ចំនួន ៤គ្រាប់បន្ថែមទៀត។

ក្រោយពេលឃើញជនសង្ស័យរូបនេះមិនព្រមប្រគល់ខ្លួនតាមការលួងលោម និងចេះតែបាញ់កាំភ្លើងគំរាមមកលើសមត្ថកិច្ចនោះ កម្លាំងនគរបាលដឹកនាំផ្ទាល់ដោយលោកស្នងការវ័យក្មេងពោរពេញដោយចិត្តអង់អាចផងនោះ បានប្រើប្រាស់គ្រប់វិធានការជំនាញ ឈានដល់ការបាញ់គ្រាប់បែកផ្សែងចូលក្នុងបន្ទប់ ហើយក៏ទម្លុះទ្វារចូលទៅចាប់ខ្លួនយុវជននេះតែម្តង។

ប្រតិបត្តិការចាប់យុវជនដែលគេពិនិត្យឃើញមានសារធាតុថ្នាំញៀនក្នុងខ្លួនផងនោះ បានចំណាយពេលជាង ៥ម៉ោង ពោលគឺចាប់ពីម៉ោង៥ល្ងាច រហូតដល់ម៉ោង ១០៖១០នាទីយប់។ ក្រោយការចាប់ខ្លួនបានហើយនោះ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញខេត្ត ដើម្បីបន្តចាត់ការតាមច្បាប់៕