(ភ្នំពេញ)៖ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានមកពីបណ្តាប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន និងសហរដ្ឋអាមេរិក បានបើកកិច្ចប្រជុំរួមគ្នាមួយ ស្តីពីកិច្ចព្រមព្រៀង នៃការវិនិយោគ និងពាណិជ្ជកម្ម ក្នុងបំណងរិះរកគន្លឹះបន្ថែមទៀត ពង្រីកការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេ សក្នុងតំបន់អាស៊ាន និងសហរដ្ឋអាមេរិក។ កិច្ចប្រជុំត្រូវបានធ្វើឡើងនៅទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក នា ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ (ម៉ោងនៅសហរដ្ឋអាមេរិក)។
កិច្ចប្រជុំនេះ ភាគីកម្ពុជា ត្រូវបានអញ្ជើញចូលរួមជាតំណាងដោយទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន។ កិច្ចប្រជុំត្រូវបានធ្វើឡើងក្រោមបរិយាកាសមួយដ៏ល្អប្រសើរ និងពិភាក្សាយ៉ាងច្រើនទៅលើការពង្រីកការវិនិយោគ និងទំហំពាណិជ្ជកម្មរវាងអាស៊ាន និងអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្មនៅលើទំព័រ Facebook របស់ខ្លួននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
កិច្ចប្រជុំពិភាក្សានេះ ត្រូវបានសម្របសម្រួលរួម ដោយលោកឯកអគ្គរដ្ឋទូត Michael Froman តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក និង លោកស្រី Khemmani Pholsena រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសាធារណរដ្ឋប្រជាមានិតឡាវ។
រដ្ឋមន្ត្រីសេដ្ឋកិច្ចទាំងអស់ ត្រូវបានជម្រាបជូនជាសង្ខេបអំពីកិច្ចប្រជុំថ្នាក់ដឹកនាំ រវាងសហរដ្ឋអាមេរិក និង អាស៊ានកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ និង បានពិភាក្សាអំពីបញ្ហាមួយចំនួនទាក់ទងកិច្ចសហប្រតិបត្តិការក្រោមការរៀបចំក្របខណ្ឌវិនិយោគ និង ពាណិជ្ជកម្ម (TIFA) និង បានពង្រីកគំនិតផ្តួចផ្តើម ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច(E3) រួមមានកិច្ចពិភាក្សាអំពីពាណិជ្ជកម្មនិងបរិស្ថាន កិច្ចសម្រួលពាណិជ្ជកម្ម៖ ច្រកចេញចូលតែមួយនៃសហគមន៍អាស៊ាន សហគ្រាសធុនតូចនិងមធ្យម កិច្ចសហប្រតិបត្តិការលើស្តង់ដារទំនិញ និង ការវិនិយោគ៖ ការចែករំលែកព័ត៌មានសម្រាប់ប្រទេសអាមេរិក។
រដ្ឋមន្ត្រីសេដ្ឋកិច្ចទាំងអស់ ក៏បានពិភាក្សាគ្នាផងដែរទៅលើគំនិតផ្តួចផ្តើមក្នុងការភ្ជាប់ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និង អាស៊ាន ដែលស្នើឡើងដោយសហរដ្ឋអាមេរិក និង បានស្នើសុំឲ្យអគ្គលេខាធិការអាស៊ានបង្កើតជាសេចក្តីព្រាងលើគំនិតផ្តួចផ្តើមនេះ សម្រាប់រដ្ឋមន្ត្រីសេដ្ឋកិច្ចទាំងអស់ យកទៅពិចារណា មុននឹងឈានទៅជំហានបន្ទាប់។
រដ្ឋមន្ត្រីសេដ្ឋកិច្ចទាំងអស់បានគាំទ្រគំនិតផ្តួចផ្តើមសិក្ខាសាលាស្តីពីពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងអាស៊ាន ដែលស្នើឡើងដោយសហរដ្ឋអាមេរិក និងស្នើឲ្យបន្ថែមប្រធានបទមួយចំនួនទៀត នៅក្នុងសិក្ខាសាលានោះផងដែរដូចជា បញ្ហាផលប៉ះពាល់ នៃភាពជាដៃគូអន្តរ-ប៉ាស៊ីហ្វិច (TPP) លើបណ្តាប្រទេសអាស៊ាន ដែលមិនមែនជាសមាជិកនៃកិច្ចព្រមព្រៀង TPP និង បញ្ហាសុវត្ថិភាពចំណីអាហារ / SPS ជាដើម ។ល។
រដ្ឋមន្ត្រីសេដ្ឋកិច្ចទាំងអស់ ក៏បានផ្លាស់ប្តូរមតិយោបល់គ្នាទៅវិញទៅមកផងដែរ ទៅលើវិធីសាស្ត្រក្នុងការស្វែងរកឱកាសថ្មីៗ ក្នុងការបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងអាស៊ានឲ្យកាន់តែស៊ីជម្រៅថែមទៀតផងដែរ៕