(ភ្នំពេញ)៖ ដើម្បីចូលរួមលើកសោភ័ណ្ឌភាពរាជធានីភ្នំពេញ ឲ្យមានអនាម័យ បរិស្ថានល្អ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានសំណូមពរដល់ម្ចាស់រថយន្តដឹកដី និងក្រុមអ្នកបើករថយន្តដឹកដី ចេញពីការដ្ឋានសំណង់ ក្នុងដែនដីខណ្ឌបឹងកេងកង មេត្តាពេលចេញពីការដ្ឋាន ត្រូវតែលាងជម្រះដីជាប់កង់រថយន្តឲ្យបានស្អាត និងសូមធ្វើការក្របតង់ កុំដី ឬភក់ ហូរហៀរចេញធ្លាក់លើផ្លូវបណ្តាលឲ្យប្រឡាក់ផ្លូវថ្នល់។
ការលើកឡើងបែបនេះ របស់អភិបាលខណ្ឌបឹងកេងកង ក្នុងពេលលោកដឹកនាំកម្លាំងប្រជាការពារ ចុះបាញ់ទឹកលាងកំណាត់ផ្លូវម៉ៅសេទុង ចាប់ពីស្តុបបូក ទៅដល់មុខទូតចិន នាព្រឹកថ្ងៃអាទិត្យ ទី០៣ ខែមករា ឆ្នាំ២០២១នេះ
លោក ធឹម សំអាន បានលើកឡើងទៀតថា «ក្នុងនាមអាជ្ញាធរ យើងខ្ញុំនឹងធ្វើការចាប់ផាកពិន័យ ឬចាប់ឃាត់ទុកមួយរយៈ ដើម្បីជាការព្រមាន។ ដោយហេតុថា អាជ្ញាធរយើងខ្ញុំបានប្រើប្រាស់ កម្លាំងប្រជាការពារបាញ់ទឹកលាងថ្នល់ស្ទើររៀងរាល់ថ្ងៃអាទិត្យ ដើម្បីប្រយោជន៍ខ្លួនឯង ផ្តល់ការលំបាកដល់អ្នកដទៃ គឺមិនល្អទេ។ ដូច្នេះស្នើម្ចាស់អាជីវកម្ម ម្ចាស់ការដ្ឋាន សូមមេត្តាគ្រប់ឲ្យបានជិត កុំឲ្យកម្ទេចកំទីដី ធ្លាក់រាយប៉ាយតាមដងផ្លូវ»។
លោក ធឹម សំអាន បញ្ជាក់ថា ក្នុងនាមរដ្ឋបាលខណ្ឌបឹងកេងកង មិនបានហាមឃាត់ ការធ្វើអាជីវកម្មដឹកដីរបស់ប្រជាពលរដ្ឋនោះទេ គ្រាន់តែសូមឲ្យគ្រប និងលាងកង់រថយន្តឲ្យស្អាត មុនចេញពីការដ្ឋានធ្វើចរាចរណ៍តាមដងផ្លូវ។ ការមានវិធានការបែបនេះ ដោយសារតែកន្លងមកមើលឃើញថា ការដឹកដីដឹកខ្សាច់ កាត់ផ្លូវនេះបានបង្កឲ្យប្រឡាក់នៅលើទ្រូងផ្លូវ កកស្ទះចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍នឹងធ្វើឲ្យខូចផ្លូវផងដែរ។
ដូច្នេះអាជ្ញាធរត្រូវតែមានវិធានការដើម្បីរក្សាផ្លូវឲ្យនៅតែល្អស្អាត ខណៈដែលកំណាត់ផ្លូវនេះកន្លងមកត្រូវ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យរដ្ឋបាលខណ្ឌយកចិត្តទុកលាងសំអាតជាប្រចាំ៕