(ភ្នំពេញ)៖​ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលមានសក្តានុពលសេដ្ឋកិច្ចកំពុងតែរីកចម្រើនស្ទើរតែគ្រប់វិស័យទាំងអស់គួរឱ្យកត់សម្គាល់។ ក្នុងចំណោមវិស័យទាំងនោះ គេសង្កេតឃើញថាវិស័យអចលនវត្ថុ បានទាក់ទាញឱ្យមានការវិនិយោគពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិផងដែរ ទន្ទឹមនឹងការរីកចម្រើនស្ទើរតែគ្រប់វិស័យទាំងនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសលេខៈ៣៤៦ សហវ.ប្រក ស្តីពីពន្ធលើចំណេញមូលធន ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ដែលប្រកាសនេះបានដាក់ចេញនូវវិធានការសម្រាប់អនុវត្ត លើការប្រមូលពន្ធលើចំណេញមូលធនទាំងអស់ដែលសម្រេចបាន។

ប៉ុន្តែដើម្បីឱ្យសាធារណៈជនស្វែងយល់ឱ្យកាន់តែច្បាស់ទាក់ទងនឹងបទប្បញ្ញត្តិ ស្តីពីពន្ធលើចំណេញមូលធន អគ្គនាយកដ្ឋានពន្ធដា ដែលជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងពន្យាពេលក្នុងការអនុវត្តពន្ធលើចំណេញមូលធនរយៈពេល ០១ (មួយ) ឆ្នាំទៀត ដែលការប្រមូលពន្ធលើចំណេញមូលធនត្រូវអនុវត្តនៅដំណាច់ឆ្នាំ ២០២១។ ហេតុនេះហើយយើងនឹងធ្វើការពិនិត្យមើលថា តើពន្ធលើចំណេញមូលធនមានរបបគតិយុត្តយ៉ាងដូចម្តេចខ្លះ?

ដូច្នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាព FRESH NEWS ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «ពន្ធលើចំណេញមូលធន» មកធ្វើការបង្ហាញជូនបងប្អូន ប្រជាពលរដ្ឋ សិស្ស និស្សិត ដូចខាងក្រោម៖

ពន្ធលើចំណេញមូលធន គឺជាពន្ធដែលអ្នកជាប់ពន្ធមានកាតព្វកិច្ចត្រូវបង់ជូនអគ្គនាយកដ្ឋានពន្ធដា នៅពេលមានការផ្ទេរកម្មសិទ្ធិ ឬចាត់ចែងកម្មសិទ្ធិ លើមូលធនរបស់ខ្លួន។ ចំពោះអត្រាពន្ធលើចំណេញមូលធនរដ្ឋបានកំណត់អត្រាពន្ធថេរចំនួន ២០% (ម្ភៃភាគរយ) នៃមូលធនដែលបានចំណេញ។

តើមូលធនសំដៅទៅលើអ្វីខ្លះ? មូលធនសំដៅទៅលើអចលនវត្ថុ (ដី, ផ្ទះ, អគារ) , ភតិសន្យា (កិច្ចសន្យាជួលដី ឬអគារ), ទ្រព្យវិនិយោគ (ភាគហ៊ុន, សញ្ញាប័ណ្ណ,មូលបត្រ), កេរ្តិ៍ឈ្មោះអាជីវកម្ម (អាជ្ញាប័ណ្ណ, បញ្ជីឈ្មោះអតិថិជន, យីហោ), កម្មសិទ្ធិបញ្ញា (តក្កកម្ម, សិល្បៈ, និមិត្តសញ្ញា, រូបភាព, គំនូរ) និងរូបិយវត្ថុបរទេស (រូបិយវត្ថុក្រៅពីប្រាក់រៀល)។

តើបុគ្គលណាខ្លះត្រូវជាប់កាតព្វកិច្ចក្នុងការបង់ពន្ធលើចំណេញមូលធននេះ? តាមស្មារតីប្រកាសស្តីពីពន្ធលើចំណេញមូលធនអ្នកជាប់ពន្ធត្រូវបានបែងចែកជា ០២ (ពីរ) ប្រភេទ គឺអ្នកជាប់ពន្ធនិវាសនជន និងអ្នកជាប់ពន្ធអនិវាសនជន។ ចំពោះអ្នកជាប់ពន្ធនិវាសនជន គឺជារូបវន្តបុគ្គលដែលបំពេញលក្ខខណ្ឌណាមួយដូចជាៈ មាននិវាសនដ្ឋាន ដែលជាកម្មសិទ្ធិ ឬជួល ឬភតិសន្យា ផ្ទះ អគារ បន្ទប់ជួល អន្តេវាសិកដ្ឋាន ដែលបានប្រើប្រាស់ សម្រាប់ស្នាក់នៅ ឬកាន់កាប់, មានកន្លែងស្នាក់នៅជាគោលដើមក្នុងព្រះរាជាណាចក្រកម្ពុជា, មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាលើសពី១៨២ (មួយរយប៉ែតសិបពីរ) ថ្ងៃក្នុងមួយលើក ឬច្រើនលើក ក្នុងរយៈពេល ១២ (ដប់ពីរ) ខែ រីឯអ្នកជាប់អនិវាសនជន គឺជារូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមិនមែនជាអ្នកជាប់ពន្ធនិវាសនជន។

តើអ្នកជាប់ពន្ធអាចគណនាពន្ធលើចំណេញមូលធនតាមវិធីសាស្រ្តណាខ្លះ? អ្នកជាប់ពន្ធលើចំណេញមូលធនអាចគណនាតាមវិធីសាស្រ្តចំនួន ០២ (ពីរ) ដូចជា៖

* វិធីកាត់កងចំណាយតាមការកំណត់៖ ក្នុងវិធីសាស្រ្តនេះ ប្រសិនបើអ្នកជាប់ពន្ធមិនបានរក្សាទុកនូវឯកសារចំណាយអ្វីទាំងអស់ អ្នកជាប់ពន្ធជ្រើសយកវិធីគណនាចំណាយតាមការកំណត់ ដើម្បីគណនាពន្ធរបស់ខ្លួន ដោយចាត់ទុកថាចំណេញចំនួន ២០% (ម្ភៃភាគរយ) នៃថ្លៃលក់សរុបតែម្តង។ ឧទាហរណ៍ៈ លោក ក បានលក់ផ្ទះល្វែងទៅឱ្យលោក ខ ក្នុងតម្លៃ ៨០០,០០០,០០០៛។ លោក ក មិនបានរក្សាទុកនូវឯកសារចំណាយនានាដែលពាក់ព័ន្ធនឹងផ្ទះល្វែងនេះឡើយ។
ដូច្នេះ លោក ក អាចគណនាពន្ធលើចំណេញមូលធនតាមវិធីសាស្ត្រដូចខាងក្រោម៖
ចំណូលពីការលក់ផ្ទះល្វែង =៨០០,០០០,០០០ រៀល
ចំណេញមូលធន =៨០០,០០០,០០០×២០%​ =១៦០,០០០,០០០ រៀល
ពន្ធលើចំណេញមូលធន (២០%) =១៦០,០០០,០០០×២០% =៣២,០០០,០០០ រៀល។

* វិធីកាត់កងតាមចំណាយជាក់ស្តែង៖ អ្នកជាប់ពន្ធត្រូវអនុញ្ញាតឱ្យធ្វើការកាត់កងចំណាយដែលបានកើតឡើងជាក់ស្តែង រួមមានថ្លៃដើមពេលទិញទ្រព្យ និងចំណាយដែលបានកើតឡើងក្នុងពេលទិញ ឬទទួល កាន់កាប់ លក់ ឬផ្ទេរមូលធន។ ឧទាហរណ៍ លោក ក បានលក់ផ្ទះឱ្យលោក ខ ក្នុងតម្លៃ ៦០០,០០០,០០០ រៀល ហើយលោក ក បានទិញផ្ទះក្នុងតម្លៃ ៤០០,០០០,០០០ រៀល, បង់ពន្ធប្រថាប់ត្រាចំនួន ១៦០,០០០,០០០ រៀល, កម្រៃជើងសារចំនួន ២៤,០០០,០០០ រៀល, និងបានចំណាយជួសជុលកែលម្អចំនួន ២០,០០០,០០០ រៀល។
ដូច្នេះ លោក ក អាចគណនាពន្ធលើចំណេញមូលធនតាមវិធីសាស្ត្រខាងក្រោម៖
ចំណូលពីការលក់ផ្ទះល្វែង =៦០០,០០០,០០០ រៀល
ចំណេញមូលធន =៦០០,០០០,០០០-៤០០,០០០,០០០-១៦,០០០,០០០-២៤,០០០,០០០-២០,០០០,០០០=១៤០,០០០,០០០ រៀល
ពន្ធលើចំណេញមូលធន (២០%)​ =១៤០,០០០,០០០×២០% =២៨,០០០,០០០ រៀល។

តើអ្នកជាប់ពន្ធលើចំណេញមូលធនត្រូវបង់ពន្ធលើពេលណា? អ្នកជាប់ពន្ធ ត្រូវដាក់លិខិតប្រកាសពន្ធតាមទម្រង់ដែលកំណត់ដោយរដ្ឋបាលសារពើពន្ធ ក្នុងរយៈពេលមិនលើសពី ០៣ (បី) ខែ នៅពេលសម្រេចបានចំណេញមូលធន ឬបន្ទាប់ពីមានការលក់ ឬផ្ទេរ ឬបង្កើតឱ្យមានសិទ្ធិគ្រប់គ្រងលើទ្រព្យ, ចុះបញ្ជីសម្រាប់ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ទ្រព្យនៅអាជ្ញាធរមានសមត្ថកិច្ច, ពេលសម្រេចផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់ទ្រព្យដោយសាលក្រម ឬសាលដីកាស្ថាពររបស់តុលាការ។

តើនៅក្នុងករណីណាខ្លះតម្រូវឱ្យមានការលើកលែងពន្ធ? ពន្ធលើចំណេញមូលធនត្រូវបានលើកលែងចំពោះការលក់ ឬផ្ទេរៈ ទ្រព្យដែលជាកម្មសិទ្ធិរបស់ស្ថាប័នរដ្ឋ, ទ្រព្យដែលជាកម្មសិទ្ធិរបស់បេសកម្មទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសនៃរដ្ឋាភិបាលដទៃ, និវាសនដ្ឋានជាគោលដើមរបស់អ្នកជាប់ពន្ធ ដែលបានកាន់កាប់ក្នុងរយៈពេលយ៉ាងតិច ០៥ (ប្រាំ) ឆ្នាំមុនពេលលក់ ឬផ្ទេរ, ទ្រព្យដែលត្រូវបានលក់ ឬផ្ទេរដើម្បីបម្រើប្រយោជន៍សាធារណៈ (ស្របតាមច្បាប់ស្តីពីអស្សាមិករណ៍)។

សរុបសេចក្តីមក ពន្ធលើចំណេញមូលធនដែលត្រូវនឹងអនុវត្តក្នុងបំណាច់ឆ្នាំ២០២១ គឺជាកាតព្វកិច្ចដែលអ្នកជាប់ពន្ធនិវាសនជន ឬអ្នកជាប់អនិវាសនជន ត្រូវបង់នៅពេលសម្រេចបានចំណេញលើមូលធន។ តាមរយៈការអនុវត្តការប្រមូលពន្ធលើចំណេញមូលធន គឺជាកត្តាជំរុញដ៏សំខាន់ដើម្បីឱ្យប្រទេសជាតិ មានការអភិវឌ្ឍន៍បន្តឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់។

រៀបរៀងដោយ៖ លោកមេធាវី ថន យូសៀង និងលោក ប៉ូល គីមសេង ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅ អគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕