(បន្ទាយមានជ័យ)៖ ក្រុមចោរឆក់យ៉ាងសកម្ម២នាក់ បានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិជនបរទេស និងប្រជាពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែត កន្លងមក ត្រូវបានកម្លាំងអាវុធហត្ថក្រុង ធ្វើការឃាត់ខ្លួនជិតការាសសាំងដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់- ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយត្រូវបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
លោក ជា ដា មេបញ្ជាការមូលដ្ឋានក្រុងប៉ោយប៉ែត បានឲ្យដឹងនៅល្ងានថ្ងៃនេះថា ជនសង្ស័យទាំង២នាក់១/ឈ្មោះរ៉ាប៊ុន សារាក់ អាយុ១៦ឆ្នាំ និង២/ឈ្មោះ ពេជ្រ ពីចិត្ត អាយុ១៥ឆ្នាំ ទាំង២នាក់។ លោក ជា ដា បានបញ្ជាក់ទៀតថា មុនពេលកើតហេតុមានក្រុមក្មេងចោរឆក់យ៉ាងសកម្មចំនួន៦នាក់ ជិះម៉ូតូ២គ្រឿងចេញឆក់ទូរស័ព្ទអ្នកដំណើរបានចំនួន២គ្រឿង ក្រោយពីធ្វើសកម្មភាពរួចជិះម៉ូតូគេចបាត់អស់។ លោកបានបន្ថែម ទៀតថាដោយមានពាក្យបណ្តឹងរបស់ជនបរទេស និងប្រជាពលរដ្ឋជាញឹកញាប់ទើបលោក ជា ដា ដឹកនាំកំលាំងចុះកំណត់មុខសញ្ញាមេខ្លោងទើបឈានដល់ចាប់បានជនសង្ស័យចំនួន២នាក់ រួចបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។
នៅមុខអាវុធហត្ថមេខ្លោងឆក់ទូរស័ព្ទទាំង២នាក់បានឆ្លើយសារភាពថា ខ្លួនទាំង២នាក់ និងបក្ខពួក៤នាក់ទៀត ពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីជនបរទេសពិតប្រាកដមែន។ ក្រោយពីគេចខ្លួនបានជាច្រើនថ្ងៃត្រូវបានកងរាជអាវុធហត្ថចាប់បានតែម្តង។ ដោយមានចំលើយ និងភស្តុតាងជនសង្ស័យទាំង២នាក់ ត្រូវបានអាវុធហត្ថកសាងសំនុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់ ចំណែកជនសង្ស័យ៤នាក់ ដែលបានគេចខ្លួននោះកម្លាំងអាវុធហត្ថកំពុងស្វែងរកចាប់ខ្លួនបន្តទៀត៕