(ភ្នំពេញ)៖ ជនញៀនថ្នាំម្នាក់ត្រូវបានបានកម្លាំងនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី១ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ ដេញតាមប្រម៉ាញ់ឃាត់ខ្លួន ក្រោយពីជនសង្ស័យរូបនេះ បានដើរមកឆក់ទូរស័ព្ទដៃ របស់ប្រជាពលរដ្ឋខណៈកំពុងអង្គុយលេង Facebook នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្រុម៣ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នាយប៉ុស្ដិ៍នគរបាលច្រាំងចំរេះទី១លោក រឿន វន បានឲ្យដឹងថា ជនត្រូវឃាត់ខ្លួនជាមុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគារពីបទឆក់មានឈ្មោះ ហីម រីសេត អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ រីឯជនរងគ្រោះឈ្មោះ សុង ចាន់ធី ភេទប្រុស អាយុ១៦ឆ្នាំ មានមុខរបរជាអ្នកលក់ត្រី ស្នាក់នៅ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
លោក រឿន វន បានបន្តទៀតថា យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះនិងការរៀបរាប់នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះសុង ចាន់ធី កំពុងអង្គុយកាន់ទូរស័ព្ទលេង Facebook នៅចំណុចកើតហេតុ ខាងលើភ្លាមនោះស្រាប់តែលេច មុខជនសង្ស័យបែកថ្នាំដើរមកធ្វើសកម្មភាពឆក់ទូរស័ព្ទពីរជនរងគ្រោះ រួចរត់គេចខ្លួន ប៉ុន្តែត្រូវជនរងគ្រោះស្រែកផ្អើលឆោរឡោរសុំឲ្យសមត្ថកិច្ចមូលដ្ឋាន ដែលយាមកាមល្បាតនៅក្បែរនោះជួយអន្តរាគមន៍ ដេញតាមឃាត់ខ្លួនជនត្រូវជាប់សង្ស័យបានភ្លាមៗ ដោយជនជាមុខសញ្ញាម្នាក់នោះ បានធ្វើការប្រតាយប្រតប់ជាមួយសមត្ថកិច្ច ដោយបានបោកកម្ទិចទូរស័ព្ទរបស់ជនរងគ្រោះខ្ទេចតែម្ដងមិនអាចជួសជុលប្រើកើត។
សូមបញ្ជាក់ថា ជនត្រូវជាប់សង្ស័យឆក់ទូរស័ព្ទពីជនរងគ្រោះកំពុងឃុំខ្លួនសួរនាំបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕