(ភ្នំពេញ)៖ សមាគមអ្នក គាំទ្រសន្តិភាព នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នេះ បានរៀបចំពិធីប្រកាសសុពលភាព គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល និងប្រធានសាខាខេត្ត និងសាខារដ្ឋកាលីហ្វ័រញ៉ា ក្រោមអធិបតីភាពលោក វ៉ាន កាម៉ុល ប្រធានសមាគម និងមានការចូលរួមពីសមាជិក-សមាជិកាសមាគមជាច្រើនរូបទៀត។
លោក វ៉ាន កាម៉ុល ប្រធានសមាគមអ្នកគាំទ្រសន្តិភាព មានប្រសាសន៍ក្នុងពិធីនេះថា «សមាគមអ្នកគាំទ្រសន្តិភាព» ដែលមានឈ្មោះជាភាសាអង់គ្លេសថា «SUPPORTERS FOR PEACE ASSOCIATION» ត្រូវបានចុះបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ។ «សមាគមអ្នកគាំទ្រសន្តិភាព»បង្កើតឡើងក្នុងគោលបំណង ការពារសន្តិភាពកម្ពុជា ពង្រឹង និងពង្រីកទំនាក់ទំនងក្នុងតំបន់ និងពិភពលោក ដើម្បីជំរុញកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌កម្ពុជាប្រកបដោយចីរភាព។
ក្នុងនោះដែរសមាគមអ្នកគាំទ្រសន្តិភាព មានគោលដៅដូចជា៖ រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍជាតិ ស្របតាម គោលនយោបាយ យុទ្ធសាស្ដ្រ និង ផែនការនានារបស់រាជរដ្ឋាភិបាលកម្ពុជា។ ជំរុញការប្រព្រឹត្តទៅរបស់សមាគម អ្នកគាំទ្រសន្តិភាព ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សង្គតិភាព តម្លាភាព និងនវានុវត្តន៍។ បណ្តុះស្មារតីស្រឡាញ់សន្តិភាព មិត្តភាព សាមគ្គីភាព ស្មារតីស្នេហាជាតិ ស្រឡាញ់ប្រជាជន និងស្រឡាញ់បរិស្ថាន ដើម្បីលើកកម្ពស់គុណភាព ជីវភាព រស់នៅ សុខមាលភាពសង្គម និងចេះរួមរស់នឹងគ្នា ដោយសុខដុមរមនា។
ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ សម្រាប់ការអភិវឌ្ឍកម្ពុជា។ បង្កើតឱកាស និងបង្កើនបរិយាកាសទទួលបាននូវសមិទ្ធផលពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ប្រកបដោយសមភាព សមធ៌ម និងបរិយាប័ន្ន។ ផ្សព្វផ្សាយអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារ មុខរបរដល់ប្រជាជន ប្រកបដោយ គុណភាព និង វិជ្ជាជីវៈខ្ពស់។ និងជំរុញ និងកសាងនូវរាល់មូលដ្ឋានគ្រឹះនៃសន្តិភាពបុគ្គល គ្រួសារ សង្គមជាតិ និង អន្តរជាតិ។
ប្រធានសមាគមអ្នកគាំទ្រសន្តិភាព លោក វ៉ាន កាម៉ុល បានបញ្ជាក់បន្ថែមថា ការចូលរួមក្នុង «សមាគមអ្នកគាំទ្រសន្តិភាព» គឺមិនមានការប្រកាន់និន្នាការនយោបាយ ជំនឿសាសនា ពណ៌សម្បុរអ្វីឡើយ ពោលគឺឲ្យតែមានចិត្តចង់ចូលរួម ថែរក្សា ការពារសន្តិភាព នោះអាចចូលរួមជាមួយសមាគមបានហើយ។ លោកថា អ្នកដែលចូលរួមជាមួយសមាគមអ្នកគាំទ្រសន្តិភាព គឺជាអ្នកគាំទ្រសន្តិភាព អ្នកស្រលាញ់សន្តិភាព ហើយជា អ្នកធ្លាប់ទទួលបានសន្តិភាព។ ដូច្នេះហើយបានជាយើងនាំគ្នាគាំទ្រសន្តិភាព ហើយអ្នកគាំទ្រសន្តិភាពនេះហើយ ទើបសមាគមអនុញ្ញាតឲ្យចូលជាសមាជិក។
បន្ថែមពីលើនេះលោក វ៉ាន កាម៉ុល ក៏បានផ្ញើសារទៅកាន់អ្នកគាំទ្រសន្តិភាពទាំងអស់ សូមពិនិត្យនិងពិចារណាលទ្ធភាពចូលរួមជាសមាជិករបស់សមាគមនៅតាមបណ្ដារាជធានី-ខេត្ត តាមរយៈការចុះឈ្មោះជាមួយសមាគម ហើយលោកក៏បានអំពាវនាវដល់អ្នកគាំទ្រសន្តិភាព សូមបន្តចូលរួមចលនា ថែរក្សា ការពារ សន្តិភាព ឲ្យមានភាពស្ថិតស្ថិរគង់វង្សតរៀងទៅ។
ជាចុងក្រោយលោក វ៉ាន កាម៉ុល ប្រធានសមាគម ក៏បានណែនាំដល់សមាសភាព ថ្នាក់ដឹកនាំគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល និងប្រធានសាខាខេត្ត និងសាខារដ្ឋកាលីហ្វ័រញ៉ាដែលត្រូវបានប្រកាសសុពលភាព នាពេលនេះទាំងអស់ត្រូវគោរពតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគមឲ្យត្រឹមត្រូវ ហើយត្រូវធ្វើសកម្មភាពដោយគោរពតាមច្បាប់ប្រទេសឲ្យបានខ្ជាប់ខ្ជួន។ ក្នុងនោះត្រូវបន្តធ្វើកិច្ចការងារ តាមតួនាទីភារកិច្ចដែលបានប្រគល់ជូន និងទទួលបានផែនការរបស់សមាគម ដើម្បីយកទៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២១៕