(កណ្តាល)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងសមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) ចុះអនុស្សរណៈយោគយល់ (MoU) ជាមួយក្រុមហ៊ុនដ្រេហ្គនហ្វ្លាយ ហ្វីនថេក (ខេមបូឌា) ម.ក និងក្រុមហ៊ុនប្រុកស៊ីម៉ាកស៍ ឯ.ក ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការក្នុងការកសាងប្រព័ន្ធគ្រប់គ្រងទិន្នន័យអតីតយុទ្ធជន (VMIS) និងកម្មវិធីលើទូរស័ព្ទដៃជូន ស.អ.ក និង គ.ជ.គ.ម.។
ប្រព័ន្ធ VMIS និងកម្មវិធីអេបលើទូរស័ព្ទដៃ នឹងត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យាចុងក្រោយរបស់ ProximaX Sirius។
ពិធីចុះ MoU នេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកការងារអតីតយុទ្ធជន និងជនពិការ និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានគូសបញ្ជាក់ពីសារៈសំខាន់ក៏ដូចជាសមិទ្ធផលការងារជាច្រើនក្នុងភាពជាដៃគូសហការ រវាង ស.អ.ក និង គ.ជ.គ.ម. ជាមួយក្រុមហ៊ុនទាំង២។
ប្រព័ន្ធ VMIS មានគោលបំណងសម្រាប់ការគ្រប់គ្រងទិន្នន័យអតីតយុទ្ធជនដោយរក្សាការសម្ងាត់ខ្ពស់ គ្រប់គ្រងទិន្នន័យបានច្រើន លឿន រហ័ស និងមានប្រសិទ្ធិភាពខ្ពស់ជូនដល់ស្ថាប័នទាំងពីរ។ ទន្ទឹមនឹងនោះ កម្មវិធីអេបលើទូរស័ព្ទដៃសម្រាប់ ស.អ.ក និង គ.ជ.គ.ម. មានបំណងប្រើប្រាស់សម្រាប់ជាទីតាំងផ្គត់ផ្គង់ព័ត៌មានពាក់ព័ន្ធអតីតយុទ្ធជន និងគ្រោះមហន្តរាយនានានៅកម្ពុជា តំបន់ និងពិភពលោក នឹងដើរតួនាទីសំខាន់ក្នុងការផ្តល់នូវព័ត៌មានព្រមានជាមុន អំពីមុខសញ្ញាគ្រោះថ្នាក់នានា ដើម្បីប្រជាពលរដ្ឋអាចធ្វើការត្រៀមបង្កាជាមុន។
ប្រធានគ្រប់គ្រងក្រុមហ៊ុន Dragonfly Fintech លោក Richard Chung បានលើកឡើងថា កិច្ចសហការជាមួយ ស.អ.ក. និង គ.ជ.គ.ម នេះ នឹងជួយគាំទ្រយ៉ាងខ្លាំងដល់ Dragonfly ក្នុងការខិតខំប្រឹងប្រែងផ្ដល់ជូននូវសេវាកម្មទូទាត់ និងហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ច និងជីវភាពរស់នៅអតីតយុទ្ធជនកម្ពុជា ក្នុងការប្រើប្រាស់កម្មវិធី Payluy និង eWallet៕