(បន្ទាយមានជ័យ)៖ ដើម្បីធានាការទប់ស្កាត់ ការពារការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ នៅបណ្ដោយព្រំដែនកម្ពុជា-ថៃ ទើបនាយឧត្ដមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ បានរៀបចំពិធីសំណេះសំណាលជាមួយនាយប៉ុស្តិ៍នាយនគរបាលច្រកទ្វាអន្តរជាតិប៉ោយប៉ែត ដើម្បីដាក់ចេញបទបញ្ជាណែនាំបន្ថែមដល់កម្លាំងនគរបាល សំដៅពង្រឹងការទប់ស្កាត់ការរីករាលដាលជំងឺនេះឱ្យមានប្រសិទ្ធភាពខ្ពស់។
កិច្ចសំណេះសំណាលនេះធ្វើឡើងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅការិយាល័យច្រកទ្វាអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងពង្រឹងការងារសន្តិសុខ កិច្ចសហការល្អៗរវាងនគរបាលអន្តោប្រវេសន៍កម្ពុជា និងភាគីថៃ ការនាំគ្នាទប់ស្កាត់មេរោគកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានរាយការណ៍អំពីស្ថានភាពទូទៅ ដែលបានអនុវត្តក្នុងរយៈពេលកន្លងមក។ លោកបញ្ជាក់ថា ទំនាក់ទំនងរវាងសមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ចថៃមានភាពល្អប្រសើរ។ ប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ប្រទេសថៃចូលមកកម្ពុជាតាមច្រករបៀងផ្សេងៗ មន្ត្រីជំនាញត្រួតពិនិត្យវាស់កម្ដៅរួចបញ្ជូនទៅមន្ទីរពេទ្យក្រុងប៉ោយប៉ែត ដើម្បីធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ។
ដោយសានៅក្នុងខេត្តសាមុតសាខន (សមុទ្រសកល) ប្រទេសថៃ បានផ្ទុះឡើងវិញនូវជំងឺឆ្លងកូវីដ១៩ ដែលជាក្តីបារម្ភ និងក្រោយពីទទួលបានបទបញ្ជាពីសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័នខេត្ត ក្រុង និងអាជ្ញាធរមូលដ្ឋាន បានខិតខំយកចិត្តទុកដាក់ខ្ពស់ត្រួតពិនិត្យមើលនូវស្ថានភាពទូទៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពិសេសនៅច្រករបៀងផ្សេងៗទៀត ដែលនគរបាលអន្តោប្រវេសន៍គ្រប់គ្រងក្នុងក្រុងប៉ោយប៉ែតតែម្តង ដើម្បីដាក់វិធាការបន្ថែមក្នុងការពង្រឹងការគ្រប់គ្រងប្រជាពលរដ្ឋ ដែលបានវិលត្រឡប់មកពីប្រទេសថៃឲ្យបានហ្មត់ចត់តឹងរឹងបំផុត ដោយត្រួតពិនិត្យវាស់កម្ដៅរួចបញ្ជូនទៅមន្ទីរពេទ្យក្រុងប៉ោយប៉ែត ដើម្បីធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។
បើតាមក្រុមគ្រូពេទ្យ និងមន្ត្រីជំនាញដែលប្រចាំការនៅចំណុចខាងលើ បានឲ្យដឹងថា ក្រោយពីទទួលបានបទបញ្ចាពីសម្តេចតេជោមក មន្ត្រីជំនាញពាក់ពន្ធ័ទាំងអស់បានរឹតបន្តឹងបំផុត នៅពេលដែលពួកកគាត់ចេញពីទឹកដីថៃមិនអនុញ្ញាតឲ្យពួកគាត់ចេញទៅណាបាត់មួយនាក់នោះទេ ដោយពិនិត្យសំណាក និងធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ មិនខ្វល់ពីការពិនិត្យឃើញមានការសង្ស័យ ឬមិនមាននោះទេ ដោយយកយុទ្ធសាស្ត្រចាស់របស់សម្តេចតេជោ កាលពីអំលុងខែមិនាកន្លងទៅ ដើម្បីទប់ស្កាត់ការរីករាដាលក្នុងសហគមន៍។
មន្ត្រីជំនាញដដែលបន្តថា ប្រជាពលរដ្ឋដែលចេញពីទឹកដីថៃ ក្រោយពិនិត្យរួចត្រូវបានបញ្ជូនទៅកន្លែកពិនិត្យសំណាក និងធ្វើចត្តាឡីស័កចំនួន ៤ ទីតាំង ដែលអាជ្ញាធរខេត្ត-ក្រុងបានរៀបចំរួចជាស្រេច រួមមាន៖
* ទី១៖ នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត (ដីថ្មី)
* ទី២៖ មណ្ឌលសុខភាពប៉ោយប៉ែត១
* ទី៣៖ សាលាព្រហ្មនិម្មិត
* ទី៤៖ សាលាវិទ្យាល័យនិម្មិតថ្មី។
មន្ត្រីជំនាញដដែលបញ្ជាក់ថា ពលរដ្ឋដែលចេញមកពីទឹកដីថៃរៈពេលកន្លងមក ក៏ដូចជាពេលនេះសុទ្ធសឹងតែជួបបញ្ហាដោយសារដាច់ប៉ាស្ព័រ អត់មានការងារធ្វើ និងមានធុរៈក្នុងគ្រួសារ។ ចាប់តាំងពីកើតមានវិបត្តិជំងឺកូវីត១៩ រយៈពេលជិត១ឆ្នាំមក ប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ប្រទេសថៃចូលមកកម្ពុជាតាមច្រករបៀងផ្សេងៗ។
លោកអគ្គនាយករងអន្តោប្រវេសន៍ បានកោតសសើរដល់នាយប៉ុស្តិ៍នាយផ្នែកទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តការងារកន្លងមក ហើយនាំគ្នារៀបចំអនុវត្តបន្តការងានៅក្នុងអង្គភាពរបស់ខ្លួនឲ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។
លោកនាយកឧត្តមសេនីយ៍បានផ្តាំផ្ញើថា ត្រូវចេះសហការជាមួយប្រទេសជិតខាងបន្ថែមទៀត ដើម្បីឲ្យមានភាពស្និទ្ធស្នាល។ ម្យ៉ាងវិញទៀត នាយប៉ុស្តិ៍នាយផ្នែកត្រូវខិតខំយកចិត្តទុកដាក់នាំគ្នាសហការជាមួយប្រទេសជិតខាង ទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ និងបញ្ហាមនុស្សឆ្លងដែនឆ្លងប្រទេសខុសច្បាប់ចូលទៅក្នុងទឹកដីថៃ គ្រាដែលប្រទេសថៃកំពុងមានវិបត្តិ៕