(រតនគិរី)៖ ដំរីព្រៃពីរហ្វូង ត្រូវបានអះអាងថា ប្រទះឃើញចូលស៊ីដំណាំប្រជាពលរដ្ឋនៅពេលយប់ ក្នុងស្រុកអូរយ៉ាងដាវ ខេត្តរតនគិរី។ ប្រជាពលស្នើអាជ្ញាធរជួយកៀងដំរីទៅកាន់ព្រៃធំ កុំឱ្យស៊ីដំណាំរបស់ពួកគាត់។
ពាក់ព័ន្ធបញ្ហានេះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប៉ក់ញ៉ៃ លោកវរសេនីយ៍ត្រី ឌឹម ជឿន បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរី នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ថា រយៈពេល៣ថ្ងៃកន្លងមកនេះ មានដំរីព្រៃពីរហ្វូង បានចូលស៊ីដំណាំប្រជាពលរដ្ឋនៅពេលយប់បណ្តាលឲ្យពួកគាត់មានការភ័យខ្លាច ព្រោះសត្វដំរីព្រៃទាំងនោះមានភាពកាចសាហាវមិនហ៊ានចូលទៅជិតដើម្បីផ្តិតរូបភាពនោះទេ។
លោកវរសេនីយ៍ត្រី ឌឹម ជឿន ប្រាប់បន្តថា ហ្វូងដំរីព្រៃទី១ មានចំនួន៦ក្បាលប្រទះឃើញចូលលុកលុយ និងស៊ីដំណាំប្រជាពលរដ្ឋនៅពេលយប់ ស្ថិតក្នុងភូមិតាកុកព្នងឃុំបរខាំ និងហ្វូងដំរីព្រៃហ្វូងទី២ មានចំនួន ៤ក្បាល ប្រទះឃើញចូលលុកលុយស៊ីដំណាំប្រជាពលរដ្ឋស្ថិតក្នុងភូមិឡុំឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ។
លោកមេប៉ុស្តិ៍រដ្ឋបាលឃុំប៉ក់ញ៉ៃរូបនេះ បញ្ជាក់ឲ្យដឹងទៀតថា ដោយសារហ្វូងដំរីព្រៃមានភាពកាចសាហាវនោះ កម្លាំងនគរបាលមូលដ្ឋានដឹកនាំដោយលោកវរសេនីយ៍ឯក សូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ សហការជាមួយកម្លាំងបរិស្ថានស្នាក់ការឧទ្យានជាតិស្រុកអូរយ៉ាដាវ ដាក់កម្លាំងប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ដើម្បីអន្តរាគមន៍ខ្លាចក្រែងហ្វូងដំរីព្រៃទាំងនោះអុកឡុកក្នុងភូមិ។
ដោយឡែកប្រជាពលរដ្ឋចំនួន២នាក់ គឺឈ្មោះ សល់ ទិញ និងឈ្មោះ សល់ ហ្យុន មានទីលំនៅភូមិឡុំឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ប្រាប់ឲ្យដឹងថា ដំរីព្រៃចូលក្នុងភូមិនៅពេលយប់ស៊ីដំណាំពួកគាត់ដូចជាដើមចេក ដំឡូងមី និងស្រូវអស់៥បេ។
ពលរដ្ឋខាងលើបានស្នើសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍កៀងហ្វូងដំរីព្រៃខាងលើនេះ ឲ្យចេញទៅចូលក្នុងព្រៃវិញ ជៀសវាងបំផ្លាញដំណាំ និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ៕