(ពោធិ៍សាត់)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំរៀបចំពិធីបួងសួងសុំសេចក្ដីសេចក្ដីចម្រើនដល់ប្រជាពលរដ្ឋកម្ពុជា និងបួងសួងសូមឱ្យប្រទេសជាតិជៀសផុតពីគ្រោះរាំងស្ងួត ជំងឺដង្កាត់ផ្សេងៗនៅវត្តប្រាសាទដូនអន ស្ថិតក្នុងឃុំរំលេច និងបូជនីយដ្ឋានឧកញ៉ា ឃ្លាំង មឿង និងជំទាវខាន់ខៀវ ស្ថិតក្នុងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ពិធីនេះមានការចូលរួមពីសំណាក់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ព្រមទាំងសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើននាក់ទៀត។
ថ្លែងក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកស្រី ម៉ែន សំអន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះប្រជាពលរដ្ឋ និងអង្គពិធីទាំងមូល ដែលបាននឹករលឹក និងការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
លោកស្រីបានបន្តទៀតថា តាមរយៈភាពជោគជ័យជាប្រវត្តិសាស្រ្តនៃការទទួលបានតំណក់ប្រេងជាលើកដំបូងនេះ គឺជាការចាប់ផ្តើមដ៏សំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល ដែលជាពរជ័យសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព។
លោកស្រីឧបនាយករដ្ឋមន្ត្រីបានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាបិតាស្ថាបនិក អគ្គមគ្គទេសក៍ និងជាប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបានតស៊ូរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានខិតខំពុះពារកសាងសន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមដ៏គាប់ប្រសើរ។
លោកស្រីក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាគម្លាតសង្គម និងវិធានការនានា តាមការកំណត់របស់ក្រសួងសុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃការផ្ទុះសាជាថ្មីនៃជំងឺកូវីដទម្រង់ថ្មី ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជំងឺនេះ។
លោកស្រី ម៉ែន សំអន ក៏បានបួងសួងសូមឱ្យប្រទេសជាតិជៀសផុតពីគ្រោះរាំងស្ងួត ជំងឺដង្កាត់ផ្សេងៗ និងបានបួងសួងថ្វាយព្រះពរជ័យ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត នរោត្តម មុនីនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបតែសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។
ក្នុងឱកាសនោះ លោកស្រីក៏បានភ្ជាប់ជូនវត្ថុកំដរដៃសម្រាប់ចែកជូនអ្នកចូលរួម ដោយក្នុងម្នាក់ៗទទួលបានសារុង ១ និងថវិកា ៤ ម៉ឺនរៀលផងដែរ៕