(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានរៀបចំវេទិកាសាធារណៈស្តីពីស្ថានភាព និងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកា សម្រាប់ឆ្នាំ២០១៦ ក្រោមអធិបតីភាពរបស់ លោក វង្សី វិស្សុត រដ្ឋមន្រ្តីស្តីទីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីសំណាក់ដៃគូ អភិវឌ្ឍន៍, វិស័យឯកជន, អង្គការសង្គមស៊ីវិល, ស្ថាប័នស្រាវជ្រាវ, គ្រឹះស្ថានអប់រំ និស្សិត និងបណ្តាញសារ ព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជិត២០០នាក់។
លោក វង្សី វិស្សុត បានលើកឡើងថា វេទិកាសាធារណៈនេះ មានគោលបំណងផ្សព្វផ្សាយ និងចែករំលែកការវិភាគ, ការវាយតម្លៃ និងទស្សនវិស័យ នៃការគ្រប់គ្រងសេដ្ឋកិច្ច និងថវិកាជាតិ ដែលជាលទ្ធផលការងារ ដែលរាជរដ្ឋាភិបាលសម្រេចបាន ក្នុងបណ្តាឆ្នាំកន្លងមក និងក៏ដើម្បីឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការបង្កើនតម្លាភាព និងប្រសិទ្ធភាព នៅក្នុងប្រតិបត្តិការការងាររបស់ខ្លួនផងដែរ។ វេទិកានេះក៏មានគោលបំណងទទួលយកនូវគំនិត, ទស្សនៈ យោបល់និងការវិភាគល្អៗ ពីសំណាក់អ្នកចូលរួមទាំងអស់ ដើម្បីជាធាតុចូលក្នុងការរៀបចំគោលនយោបាយនានា ក៏ដូចជាការរៀចំថវិកាជាតិ ឱ្យកាន់តែមានភាពឆ្លើយតបប្រសើរឡើងទៅនឹងតម្រូវការចាំបាច់ របស់សង្គមជាតិយើង។ ពាក់ព័ន្ធនឹងស្ថានភាព និងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច, លោករដ្ឋមន្រ្តីស្តីទី បានលើកឡើងថា បច្ចុប្បន្នសេដ្ឋកិច្ចពិភពកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយពិសេសបញ្ហានៅក្នុងទីផ្សារហ៊ុននៅក្នុងពេលថ្មីៗនេះ។ ស្ថានភាពបែបនេះ អាចនឹងធ្វើឱ្យប៉ះពាល់ជាយថាហេតុដល់កម្ពុជាផងដែរ ដោយសារសេដ្ឋកិច្ចកម្ពុជា មានការបើកចំហរខ្លាំង ដែលអាចងាយនឹងទទួលរងផលប៉ះពាល់មកពីខាងក្រៅ គួបផ្សំនឹងបញ្ហា រចនាសម្ព័ន្ធមួយចំនួននៅក្នុងសេដ្ឋកិច្ច។ ប៉ុន្តែលោករដ្ឋមន្រ្តីស្តីទី បានគូសបញ្ជាក់ថា ជាទស្សនវិស័យទៅថ្ងៃមុខ ក្នុង រយៈពេលមធ្យមសេដ្ឋកិច្ចកម្ពុជា នឹងនៅតែបន្តសម្រេច បាននូវកំណើនខ្ពស់ ហើយនឹងនៅតែបន្តធានារក្សាបាននូវស្ថេភាពម៉ាក្រូសេដ្ឋកិច្ច ។ តែទស្សនវិស័យនេះ មិនមែនអាចកើតឡើង មកដោយស្វ័យប្រវត្តិនោះទេ ក៏ប៉ុន្តែវាទាមទារឱ្យកម្ពុជា៖ (១) ត្រូវបន្តកិច្ចការកែទម្រង់សំខាន់ៗ ក្នុងគោល ដៅធ្វើពិពិធកម្មសេដ្ឋកិច្ចផង និងលើកកម្ពស់ភាពប្រកួតប្រជែងផង (២) ត្រូវមានភាពម៉ត់ហ្មត់ និងភាព ប្រុងប្រយ័ត្ន ក្នុងការគ្រប់គ្រងហានិភ័យផ្សេងៗ និង (៣) ត្រូវត្រៀមខ្លួនឱ្យបានល្អ ក្នុងការឆ្លើយតបឱ្យ បានទាន់ពេលវេលាទៅនឹងផលប៉ះពាល់ពីខាងក្រៅមកលើសេដ្ឋកិច្ចជាតិ។ សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០១៥ នឹងអាចសម្រេចបាន ៦.៩% ដូចការគ្រោងទុកនៅដើមឆ្នាំ ហើយកំណើននេះ មានលក្ខណៈរឹងមាំក៏ប៉ុន្តែកម្លាំងចលករក្នុងការអូសកំណើនមានការផ្លាស់ប្តូរបន្តិចពីឆ្នាំ២០១៤ ។
វិស័យកាត់ដេរ បានក្លាយជាក្បាលម៉ាស៊ីនអូសកំណើននាំមុខទី១វិញ ដោយសារបរិយាកាសទីផ្សារ នាំចេញរបស់កម្ពុជា មានលក្ខណៈធូរស្រាល និងការរីកចម្រើនរបស់វិស័យនៅផ្ទៃក្នុងប្រទេស។ វិស័យសំណង់ក៏នៅមានកំណើនល្អ ទោះបីកំណើនយឺតជាងឆ្នាំមុនបន្តិច ។ ប៉ុន្តែវិស័យកសិកម្មមានថមថយ ដោយសារកត្តាអាកាសធាតុ និងបញ្ហារចនាសម្ព័ន្ធមួយចំនួននៅក្នុងវិស័យនេះ។ វិស័យទេសចរណ៍ក៏មានកំណើនល្អ ទោះកំណើន នេះយឺតបន្តិច ដោយសារកត្តារដូវកាល និងបញ្ហារចនាសម្ព័ន្ធមួយចំនួនក្នុងវិស័យនេះក្តី។ ចំពោះវិស័យដឹកជញ្ជូន និងទូរគមនាគមន៍វិញ គឺមានកំណើនល្អ។ ឯកឧត្តមបានគូសបញ្ជាក់ថា ទោះបីវិស័យធនាគារ និងវិស័យអលន ទ្រព្យ កំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលអាចគ្រប់គ្រងបាននៅឡើយក្តី ក៏ប៉ុន្តែបច្ចុប្បន្នក្រសួង កំពុងធ្វើការសិក្សាអំពីហានិភ័យក្នុងវិស័យទាំងពីរនេះ៕