(ភ្នំពេញ)៖ រយៈពេលពីរថ្ងៃនាឱកាសឆ្លងឆ្នាំសកល ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៩២១,៤០០ នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ប្រាប់ Fresh News នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នេះ។
លោក ថោង ខុន បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបចំនួន ៦៩៩,៧២៤ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៦៩៧,០៦៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ២,៦៥៨ នាក់។ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ទទួលបានភ្ញៀវទេសចរសរុបចំនួន ២២១,៦៧៦ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ២១៩,៣១៣ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ២,៣៦៣ នាក់។ ប្រសិនបើសរុបរយៈពេលពីរថ្ងៃនេះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៩២១,៤០០ នាក់។
លោករដ្ឋមន្ត្រីបានបង្ហាញការកត់សម្គាល់ថា បន្ទាប់ពីឆ្លងឆ្នាំសាកលរួចហើយ ប្រជាពលរដ្ឋមួយចំនួនបានចេញដើរកម្សាន្តទៅកាន់គោលដៅទេសចរណ៍នានាទូទាំងប្រទេស ខណៈប្រជាពលរដ្ឋមួយចំនួនដែលបានចេញដើរកម្សាន្តនៅតាមបណ្តារាជធានី-ខេត្ត នាយប់ឆ្លងឆ្នាំ ក៏បានបន្តដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន ហើយចរន្តភ្ញៀវទេសចរនឹងបន្តរហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍។
គោលដៅទេសចរណ៍នានា ពិសេសនៅតាមរណីយដ្ឋានទេសចរណ៍បានខិតខំអនុវត្តនូវប្រសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមរយៈការកំណត់សមត្ថភាពផ្ទុកអតិបរមា ស្របតាមស្តង់ដាគម្លាតសុវត្ថិភាព (១.៥០ ម៉ែត្រ) ខណៈដែលកន្លែងខ្លះនៅមិនទាន់បានអនុវត្តឲ្យបានពេញលេញនៅឡើយ ពិសេសគោលដៅទេសចរណ៍ដែលមានលក្ខណបើកចំហ និងការប្រមូលផ្តុំច្រើន ដូចជានៅមាត់សមុទ្រជាដើម។
ពាក់ព័ន្ធការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេ សម្រាប់រយៈពេលពីរថ្ងៃកន្លងមកនេះ។ គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត នៅតែបន្តចាត់ក្រុមការងារចុះពិនិត្យ និងណែនាំភ្ញៀវទេសចរ និងអាជីវករក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជាដើម៕