(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ក្រសួងថា ការផ្លាស់ប្តូរតំណែងប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកស្តីទី នៃទូរគមនាគមន៍កម្ពុជា ធ្វើឡើងក្រោយពីដែលក្រសួង និងអង្គភាពប្រឆាំងអំពើពុករលួយរកឃើញ មានការកិបកេងលួចបន្លំ យកប្រាក់ចំណូលរបស់អង្គភាពចំនួន២៣ម៉ឺនដុល្លារ និងមានការខ្វះខាតធ្ងន់ធ្ងរ លើការងារគ្រប់គ្រង និងការដឹកនាំរបស់ថ្នាក់ដឹកនាំ ទូរគមនាគមន៍កម្ពុជា។
ក្រសួងប្រៃសណីយ៍បានលើកឡើងថា «ការផ្លាស់ប្តូរកែសំរួលរចនាសម្ព័ន្ធដឹកនាំនៃទូរគមនាគមន៍កម្ពុជា ត្រូវបានធ្វើឡើងបន្ទាប់ពីលទ្ធផល នៃអធិការកិច្ចរួមមួយ រវាងអគ្គាធិការដ្ឋាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមការងារនៃអង្គភាពប្រឆាំងអំពើពុករលួយ បានរកឃើញថា មានការខ្វះខាតធ្ងន់ធ្ងរ លើការងារគ្រប់គ្រង និងការដឹកនាំរបស់ថ្នាក់ដឹកនាំទូរគមនាគមន៍កម្ពុជាដែលនាំឲ្យ៖
១៖ មានការកិបកេងលួចបន្លំយកប្រាក់ចំណូលរបស់អង្គភាពចំនួន ២៣ ម៉ឺនដុល្លារអាមេរិកប្រាកដមែន។
២៖ ការគ្រប់គ្រងចំណូល‑ចំណាយមិនច្បាស់លាស់ គ្មានប្រសិទ្ធភាព តម្លាភាពនិងគណនេយ្យភាព ធ្វើឲ្យចំណូលធ្លាក់ចុះ បំណុលកើនឡើងជាលំដាប់ និងមានចន្លោះប្រហោងជាច្រើន ដែលឈានទៅដល់ការកិបកេង និងការលុបបំណុល និង
ទី៣៖ មិនបានយកចិត្តទុកដាក់ត្រួតពិនិត្យ ការគ្រប់គ្រងកិច្ចបញ្ជីការគណនេយ្យ និងឯកសារពាក់ព័ន្ធដែលឈាន ទៅដល់ការបាត់បង់ឯកសារ ដ៏មានសារៈសំខាន់ទាំងនេះដោយចេតនា »។
ក្រសួងប្រៃសណីយ៍បានបន្ថែមថា ការកែសម្រួលតំណែងនេះ គឺជាការអនុវត្តតាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាល» ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់តាំងពីដើមអាណត្តិទី៥នេះ»។
សូមជម្រាបថា នៅព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ នាសាលប្រជុំទូរគមនាគមន៍កម្ពុជា មានប្រារព្វពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូនប្រធានក្រុមប្រឹក្សាភិបាលថ្មី និងអគ្គនាយកស្តីទី នៃទូរគមនាគមន៍កម្ពុជា ក្រោមអធិបតីភាព លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
លោក ខូវ មករា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាល ទូរគមនាគមន៍កម្ពុជា ជំនួសលោក មាស ប៉ូ ដែលត្រូវបានបញ្ចប់មុខតំណែង ជាប្រធានក្រុមប្រឹក្សាភិបាល។ លោក សន វី អគ្គនាយករងនៃទូរគមនាគមន៍កម្ពុជា ត្រូវបានប្រគល់ភារកិច្ចជាអគ្គនាយកស្តីទី នៃទូរគមនាគមន៍កម្ពុជា ជំនួសលោក ឡាយ ម៉ារីវ៉ូ ដែលត្រូវបញ្ចប់មុខតំណែងពីប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃទូរគមនាគមន៍កម្ពុជា៕