(បន្ទាយមានជ័យ)៖ កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២១ បានចុះពិនិត្យខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ តាមច្រករបៀងជាច្រើនកន្លែង ដើម្បីពិនិត្យមើលទីតាំងធ្វើចត្តាឡីស័ក ដល់ពលករចេញ ចូលតាមច្រករបៀងទាំងនោះ ដែលរាជរដ្ឋាភិបាលបានកំណត់ឲ្យចេញចូលគោលបំណងទប់ស្កាត់ការឆ្លងជម្ងឺកូវីដ-១៩ កុំឲ្យរាលដាលដល់សហគមន៍តទៀត។
លោកឧត្តមសេនីយ៍ទោ សិទ្ធ ទ្បោះ ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងចុះត្រួតពិនិត្យស្ថានភាពតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពេលដែលពករវិញត្រទ្បប់ពីថៃចូលមកកម្ពុជា តាមច្រករបៀងផ្សេងៗដើម្បីទប់ស្កាត់ការឆ្លង មេរោគកូវីដ១៩ និងបានបញ្ជូនពលករទាំងនោះទៅមណ្ឌលចត្តាឡីស័កក្នុងខេត្តរយៈពេល ១៤ថ្ងៃ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ទ្បោះ បានប្រាប់ថា ដើមី្បធ្វើការលើកកម្ពស់សុខភាពសាធារណៈ ក្នុងការប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ នៃជំងឺកូវីដ១៩ ទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងការណែនាំ វិធានការរបស់ក្រសួងសុខាភិបាល អាជ្ញាធរខេត្តបន្ទាយមានជ័យ បានយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនពលករខ្មែរនៅប្រទេសថៃ ដែលបានវិលត្រឡប់ មកកាន់ប្រទេសខ្លួនវិញ គឺតម្រូវឲ្យបងប្អូនត្រូវធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កនៅកន្លែង ដែលបានកំណត់ដើម្បីយកសំណាកទៅវិភាគឲ្យបានគ្រប់ចំនួន៣ដង តាមការកំណត់របស់ក្រសួងសុខាភិបាល។
ឆ្លៀតក្នុងឱកាសនោះដែរ លោកស្នងការនគបាលខេត្តបន្ទាយមានជ័យ បានណែនាំដល់ក្រុមគ្រូពេទ្យជួរមុខទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យតាមដាននូវរាល់សុខភាពរបស់បងប្អូន ព្រមទាំងការយកចិត្ត ទុកដាក់ ហើយការដឹកជញ្ជូនបងប្អូនពលករមកពីប្រទេសថៃ នៅតែបន្តធ្វើការដឹកជញ្ជូនយកមកចូលមណ្ឌលចត្តាឡីស័កជាប្រចាំថ្ងៃផងដែរ៕