(ភ្នំពេញ)៖ នៅថ្ងៃចូលឆ្នាំថ្មី ឆ្នាំ២០២១ នេះ មានទារក ទារិកាចំនួន៩៧១នាក់ កើតនៅក្នុងប្រទេសកម្ពុជា ដែលជាការចាប់ផ្ដើមជីវិតថ្មី ពោពេញដោយក្ដីសង្ឃឹម។ នេះបើតាមរបាយការណ៍ របស់យូនីសេហ្វ (UNICEF) ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១។
ពួកគេទាំងនេះ ស្ថិតក្នុងក្រុមទារក ទារិកចំនួន ៣៧១.៥០៤ នាក់ ដែលកើតនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ នៅទូទាំងពិភពលោក។ មានព្យាករណ៍ថា ទារក ទារិកាកម្ពុជាទាំងនេះ នឹងមានអាយុកាលរំពឹងទុកច្រើនជាងមនុស្សជំនាន់មុនៗ ជាមួយនឹងអាយុកាលរំពឹងទុក៨១.២ឆ្នាំ។
ឆ្នាំ២០២១នេះ ក៏ជាខួបលើកទី៧៥ឆ្នាំ នៃការបង្កើតយូនីសេហ្វផងដែរ។ នៅកម្ពុជា យូនីសេហ្វ បានបំពេញការងារលើកកម្ពស់កម្ពស់សិទ្ធិ និងសុខុមាលភាព របស់កុមារ។
ក្នុងឆ្នាំ២០២០ យូនីសេហ្វបានជួយគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូនានា ដើម្បីឆ្លើយតបចំពោះវិបត្តិ បង្កឡើងដោយជំងឺកូវីដ១៩ តាមរយៈការផ្ដល់លទ្ធភាព ឲ្យសិស្សរាប់សែននាក់ អាចរៀនសូត្រពីចម្ងាយ គាំទ្រដល់ការបើកដំណើរការសាលារៀនឡើងវិញ ប្រកបដោយសុវត្ថិភាពសម្រាប់កុមារ ៣.២លាននាក់ ធានាឲ្យមានការផ្សព្វផ្សាយសារអប់រំ អំពីសុវត្ថិភាពពីជំងឺកូវីដ១៩ ដល់មនុស្សជាង១០លាននាក់ ព្រមទាំងផ្ដល់សម្ភារអនាម័យចាំបាច់សំខាន់ៗ ដល់មនុស្សចំនួន ៤លាននាក់។
ក្នុងឆ្នាំ២០២១ ការឆ្លើយតបរបស់យូនីសេហ្វ ចំពោះជំងឺរាតត្បាតជាសកល និងបន្តទៅដំណាក់កាលបន្ទាប់ទៀត ពោលគឺសហការជាមួយរាជរដ្ឋាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីផ្ដល់ថ្នាំបង្ការជំងឺកូវីដ១៩ នៅកម្ពុជាតាមរយៈកម្មវិធី COVAX។
ស្របពេលជាមួយគ្នានេះ កម្មវិធីនានារបស់យូនីសេហ្វ ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន ក៏នឹងនៅតែបន្ត ហើយត្រូវរក្សានូវវឌ្ឍនភាព ដែលសម្រេចបាន ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដើម្បីឈានទៅរកការលើកកម្ពស់ជីវិតកុមារនៅកម្ពុជា ឲ្យកាន់តែប្រសើរ។
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វ ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «យើងសូមស្វាគមន៍ទារក ទារិកាដ៏ស្រស់ស្អាតប្រមាណ១,០០០នាក់ ដែលកើតនៅថ្ងៃចូលឆ្នាំថ្មីនេះ។ ឆ្នាំ២០២០ គឺជាឆ្នាំដ៏សែនលំបាកសម្រាប់ទាំងអស់គ្នា ជាពិសេសសម្រាប់កុមារ»។
លោកស្រីបន្ដទៀតថា «ទោះជាយ៉ាងណាក៏ដោយ ប្រទេសកម្ពុជា បានទទួលជោគជ័យក្នុងការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺរាតត្បាតសកល និងរក្សាចំនួនករណីជំងឺកូវីដ១៩ ឲ្យនៅទាបជាងបណ្ដាប្រទេសភាគច្រើន ហើយយើងសង្ឃឹមជឿជាក់ថា និន្នាការដូចគ្នានេះអាចនឹងនៅតែបន្តទៀត»៕