(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ ដែលទើបតែបញ្ចប់ទៅនេះ អង្គភាពស៊ីម៉ាក់បានធ្វើការរំដោះផ្ទៃដីចាំការមីន និងចម្ការគ្រាប់សរុបចំនួនជាង ៩,២០០ហិចតា ដោយរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ សរុបចំនួន៣៩.២៤៩គ្រាប់។
លោកអគ្គនាយកបានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២០ អង្គភាពស៊ីម៉ាក់ បានធ្វើការអប់រំយល់ដឹងពីគ្រោះថ្នាក់ ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដល់ក្រុមគោលដៅបានចំនួន ១៧ ៣៦៣លើក ស្មើនឹង៥៥៦ ២៨៨ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមចំនួន១ ១៧៦ ៣១២នាក់។ ជាមួយគ្នានេះ ស៊ីម៉ាក់ បានគាំទ្រដល់ជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយផ្តល់ផ្លូវអភិវឌ្ឍន៍ជនបទ ជំនួយខាងសេដ្ឋកិច្ចសង្គម និងបញ្ចូលក្រមខណ្ឌ និងដាក់មន្ត្រីអង្គភាពឱ្យចូលនិវត្តន៍ចំនួន៤៩២នាក់។
លោក ហេង រតនា បានបញ្ជាក់ពីផែនការ ក្នុងឆ្នាំ២០២១ របស់អង្គភាពស៊ីម៉ាក់ នឹងរំដោះផ្ទៃដីចំការមីន និងចំការគ្រាប់ចំនួនប្រមាណ ១១ ៣០០ ហិចតា និង រុករក និងកម្ទេចចោលគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទចំនួនប្រមាណ ៤០ ០០០គ្រាប់ ព្រមទាំងត្រូវឆ្លើយតបសំណើសុំអន្ដរាគមន៍បន្ទាន់ៗចំនួន៥ ០០០ករណី។
លោកបន្តថា ផែនការឆ្នាំ២០២១ ដែលជាផែនការមានលក្ខណៈរស់រវើក ផ្អែកលើផែនការយុទ្ធសាស្រ្ដរបស់អង្គភាពផែនការយុទ្ធសាស្រ្ដជាតិសកម្មភាពមីន ក៏ដូចជាផែនការយុទ្ធសាស្រ្ដថ្នាក់ក្រោមជាតិ ដែលជាកន្សោមអាទិភាពកំណត់គោលដៅ ក្នុងការរៀបចំផែនការសមាហរណកម្មឆ្នាំ២០២១។
ដើម្បីឆ្លើយតបតំរូវការប្រតិបតិ្តការ អង្គភាពស៊ីម៉ាក់នចាំបាច់ត្រូវធ្វើកំណែទំរង់ សំដៅពង្រឹងសមត្ថភាពក្រុម សម្ភារបំពាក់ មធ្យោបាយដឹកជញ្ជូន និងស្ថានភាពភូមិសាស្រ្ដចម្ការមីន/គ្រាប់ផងដែរ។ ក្នុងការរៀបចំយុទ្ធសាស្ត្រ និងយុទ្ធវិធីប្រតិបតិ្កការ អង្គភាពស៊ីម៉ាក់ប្រកាន់ទស្សនវិស័យជាមូលដ្ឋានចំនួន២ គឺ ស្ថានភាពភូមិសាស្ត្រត្រូវប្រតិបត្តិការ និងស្ថានភាពតំរូវការខាងសេដ្ឋកិច្ចសង្គម នៃសហគមន៍រងការគំរាមកំហែង ដោយសារគ្រាប់មីន៕