(ភ្នំពេញ)៖ លោកស្រី ស៊ុន សាភឿន តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តក្រចេះ និងជាប្រធាន ក្រុមការងារសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ថ្នាក់កណ្ដាលចុះជួយខេត្តក្រចេះ ដោយមានការចូលរួមពីលោក សារុន ឫទ្ធា រដ្ឋលេខាធិការក្រសួងឧស្សហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយក្រុមការងារសាខាសមគមនារីកម្ពុជាដើម្បី សន្តិភាពនិងអភិវឌ្ឍន៍ក្រុងក្រចេះនៅរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន១០គ្រួសារ មកពីគ្រប់សង្កាត់នៅក្នុងក្រុងក្រចេះ។
ក្នុងឱកាសនោះ លោកស្រី ស៊ុន សាភឿន បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាការពារខ្លួនឱ្យបានខ្ជាប់ខ្លួន និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ និងចៀសផុតពីជំងឺកូវីដ១៩។
លោកស្រី ស៊ុន សាភឿន ក៏បានជម្រាបជូនប្រជាពលរដ្ឋអំពីការអភិវឌ្ឍលើគ្រប់វិស័យ និងសមិទ្ធិផលធំៗដែលរាជរដ្ឋាភិបាលសម្រេចបាន ជាពិសេសភាពជោគជ័យ ជាប្រវត្តិសាស្ត្រនៃការរកឃើញដំណក់ប្រេងដំបូងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្រោមការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឱ្យកម្ពុជានឹងមានការអភិវឌ្ឍ រីកចម្រើនកាន់តែខ្លាំងថែមទៀត។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋក្រីក្រ១០គ្រួសារ ទទួលបានអំណោយរួមមាន៖ អង្ករ មី សាប៊ូ Protex ម៉ាស់ និងថវិកា ១០,០០០រៀលក្នុងមួយគ្រួសារផងដែរ។ បន្ទាប់ពីនោះ លោកលោកស្រី ស៊ុន សាភឿន និងក្រុមការងារ បាននាំយកបច្ច័យ និងទេយ្យវត្ថុប្រគេនព្រះមេគុណខេត្តក្រចេះ ដែលគង់នៅវត្តបទុមរង្សី (វត្តក្រគរ) សរុបជាថវិកាអស់ ១,០០០,០០០រៀល៕