(ភ្នំពេញ)៖ ជំនួយម៉ាស និងសម្ភារបរិក្ខាពេទ្យរបស់កម្ពុជា នឹងត្រូវដឹកតាមជើងយន្តហោះ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីយកទៅប្រគល់ជូនរដ្ឋាភិបាលនៃប្រទេសនេប៉ាល់។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១។
តំណាងកម្ពុជា ដែលដឹកនាំយកជំនួយនេះទៅប្រគល់ជូនរដ្ឋាភិបាលប្រទេសនេប៉ាល់ គឺ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អមដោយ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមទាំងមន្រ្តីមួយចំនួនទៀត។
ដើម្បីចូលរួមទប់ស្គាត់ជំងឺកូវីដ១៩ នៅក្នុងតំបន់, រាជរដ្ឋាភិបាលកម្ពុជា នាថ្មីៗនេះ បានផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ, ផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា និងផ្តល់ជំនួយម៉ាស១លាន និងសម្ភារៈមួយចំនួនទៀត ដល់ប្រទេសទីម័រឡេស្តផងដែរ៕