(បន្ទាយមានជ័យ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូ បានចុះត្រួតពិនិត្យដំណើរការមណ្ឌលចត្តាឡីស័កកម្រិត១ និងកម្រិត២ លើពលរដ្ឋកម្ពុជាដែលត្រឡប់ពីប្រទេសថៃ ចូលមកខេត្តបន្ទាយមានជ័យ និងឆ្លើយតបលើដំណើរការសេវាសុខាភិបាលនៃមណ្ឌលចត្តាឡីស័កកម្រិត១ និងកម្រិត២ ថ្នាក់ស្រុក-ក្រុង និងថ្នាក់ខេត្ត ជូនប្រជាពលរដ្ឋផងដែរ។

ដំណើរបេសសកម្មនេះ បានធ្វើឡើងបន្ទាន់បន្ទាប់ពីរកឃើញវិជ្ជមានមេរោគកូវីត១៩ លើពលករខ្មែរដែលត្រឡប់ពីប្រទេសថៃមានការផ្ទុះករណីថ្មីៗជាច្រើន នៃព្រឹត្តិការរណ៍កូវីដ១៩ ក្នុងសហគមន៍ថៃ។ ក្នុងពិធីចុះត្រួតពិនិត្យដំណើរការសេវានៅមណ្ឌលចត្តាឡីស័កនាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ បានទទួលស្វាគមន៍ពីលោក អភិបាលខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងពាក់ព័ន្ធជាច្រើននាក់។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានចុះពិនិត្យនៅមណ្ឌលចត្តាឡីស័កកម្រឹត២ ថ្នាក់ខេត្តនាអគារមហាវិទ្យាល័យសុខាភិបាល នៃសាកលវិទ្យាល័យជាតិមានជ័យ នៅសង្កាត់ទឹកថ្លាដែលមានចំណុះទទួលបានជាង១០០នាក់
និងនៅគម្រោងមណ្ឌលមួយទៀតនាអតីតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ នៅសង្កាត់កំពង់ស្វាយ ក្នុងក្រុងសិរីសោភ័ណ ដែលមាន៨អគារ ក្នុង១អគារមាន៨បន្ទប់ ហើយអាចទទួលបានជាង១០០នាក់។

នាឱកាសនោះ លោក ម៉ម ប៊ុនហេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីក្រុមការងារគ្រប់ផ្នែកនៃគណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ ១៩ខេត្ត និងស្រុក-ក្រុង ដែលបានខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃ បានលទ្ធផលល្អ មានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីផងដែរ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ក្រុមការងារចម្រុះនៃគណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ ១៩ខេត្ត និងស្រុកក្រុងបាននឹងកំពុងខិតខំបំពេញការងារបន្ទាន់លើការងារផ្តល់សេវាដឹកជញ្ជូន សេវាសុខាភិបាលជូនពលរដ្ឋខ្មែរដែលបានត្រឡប់មកពីប្រទេសថៃរាល់ថ្ងៃ ក្នុងនោះមានពលរដ្ឋដែលមានលំនៅ នៅខេត្តបន្ទាយមានជ័យ និងខេត្ត-រាជធានីនានា ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក និងស្ថិតនៅក្នុងមណ្ឌលរយៈពេល១៤ថ្ងៃ។

លោកបញ្ជាក់បន្តថា ក្នុងនោះ នៅខេត្តបន្ទាយមានជ័យ មានមណ្ឌលចត្តាឡីស័កកម្រិត១ និងកម្រិត២ ថ្នាក់ស្រុក-ក្រុង ថ្នាក់ខេត្តនៅតាមសាលារៀន មន្ទីរពេទ្យ ឬកន្លែងផ្សេងទៀតចំនួន១២កន្លែង ហើយបាននឹងកំពុងរៀបចំទីតាំងថ្មីៗបន្ថែមទៀតនៅគ្រប់ស្រុកក្រុងតែម្តង។ ក្នុងនោះរដ្ឋបាលខេត្តកំពុងត្រៀមសម្រួលផ្លាស់ប្តូរទីតាំងមណ្ឌលចត្តាឡីស័កនៅតាមសាលារៀននានា ព្រោះនឹងត្រូវប្រគល់ដោយផ្នែកខ្លះទៅមន្ទីរអប់រំវិញ សម្រាប់បើកបវេសនកាលឆ្នាំសិក្សា២០២១-២០២២ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានថ្លែងថា នៅត្រឹមយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ មានពលរដ្ឋខ្មែរពលករខ្មែរត្រឡប់ពីថៃកំពុងធ្វើចត្តាឡីស័ក និងស្នាក់នៅ១៣៧នាក់ (ស្រី៦២នាក់) ក្នុងនោះពលរដ្ឋរស់នៅក្នុងក្រុងសិរីសោភ័ណចំនួន ៨៤នាក់ (ស្រី៤០នាក់) មានករណីឡើងក្តៅខ្លួនខ្លាំង សង្ស័យកូវីដ១៩ ចំនួន៦ករណី ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើមយកវត្ថុសំណាក់រកមេរោគកូវីត១៩ផងដែរ៕