Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃឆ្លងឆ្នាំសកល ជនសង្ស័យម្នាក់ចូលលួចម៉ូតូជនជាតិឥណ្ឌូនេស៊ី ជាបុគ្គលិកកាស៊ីណូផ្សារយួន ត្រូវអាវុធហត្ថឃាត់ខ្លួននៅក្រុងប៉ោយប៉ែត

01-01-2021 18:25

(បន្ទាយមានជ័យ)៖ នៅថ្ងៃឆ្លងឆ្នាំសកលឆ្នាំ២០២១នេះ មានជនសង្ស័យម្នាក់ចូលលួចម៉ូតូជនជាតិឥណ្ឌូនេស៊ីជាបុគ្គលិកកាស៊ីណូផ្សារយួន បាន១ដង្ហើមចង្រិតត្រូវបានអាវុធហត្ថដឹកនាំដោយ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ម៉ៅ ណាត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅមិនពិតប្រាកដ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ករណីលួចនេះបានធ្វើឡើងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ បៀ តូនូស អាយុ៣២ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ីស្នាក់នៅបណ្ដោះអាសន្ន នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះបានឲ្យដឹងថា គាត់បានបាត់ម៉ូតូនៅចំណុចម្ដុំកាស៊ីណូផ្សារយួន កាលពីវេលាម៉ោង៥ ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឲ្យដឹងទៀតថា អាវុធហត្ថបានដកហូតម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាហ្សូម័រអិច ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ដែលក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែត ផ្លាស់ប្រគល់ឲ្យជនរងគ្រោះជិះធ្វើការ។

លោកបានបញ្ជាក់ថា ក្រោយឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដ ដើម្បីយកទៅជិះដើរលេងថ្ងៃចូលឆ្នាំសកលនៅពេលយប់ ក៏ត្រូវអាវុធហត្ថឃាត់ខ្លួនតែម្តង។

ការិយាល័យជំនាញបទលល្មើសព្រហ្មទណ្ឌ អាវុធហត្ថខេត្ត បានបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ចំណែកម៉ូតូត្រូវបានកម្លាំងអាវុធហត្ថក្រុង ប្រគល់ឱ្យម្ចាស់ដើមវិញហើយ៕