(បន្ទាយមានជ័យ)៖ ជនសង្ស័យ៦នាក់ ត្រូវបានកម្លាំងនគរបាលក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុង បានចុះបង្ក្រាប២គោលដៅ ដោយដកហូតថ្នាំញៀនជិត១គីឡូក្រាម នៅថ្ងៃទី៣១ ខែធ្នួ ឆ្នាំ២០២០ នៅក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី។

លោកវរសេនីយ៍ឯក ស៊ី ឌី បានប្រាប់ឲ្យដឹងថា គោលដៅទី១ នគរបាលបានឃាត់ខ្លួនបាន៦នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ម៉ៅ គង្គា អាយុ២៨ឆ្នាំ
*ទី២៖ ឈ្មោះ អ៊ុក អាន អាយុ៣៨ឆ្នាំ
*ទី៣៖ ឈ្មោះ តាន់ ប៊ុនហោ អាយុ២៤ឆ្នាំ
*ទី៤៖ ឈ្មោះ ឈុន ចន្ថា អាយុ៣២ឆ្នាំ
*ទី៥៖ ឈ្មោះ នួន ឆៃអៀង អាយុ៣០ឆ្នាំ
*ទី៦៖ ឈ្មោះ ធី ភីរម្យ អាយុ២០ឆ្នាំ។ ជនសង្ស័យទាំង៦នាក់ រស់នៅភូមិសាលាដែង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី។

ជាមួយគ្នានោះ សមត្ថកិច្ចក៏បានឆែកឆេររកឃើញថ្នាំញៀនម្សៅក្រាមសថ្លា២កូនថង់ និងសម្ភារសំរាប់ជក់មួយចំនួន។

លោកវរសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់ទៀតថា សម្រាប់គោលដៅទី២ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ, កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន និងក្រុងសិរីសោភ័ណ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី៣១ ខែធ្នូ បានព័ទ្ធផ្ទះជនសង្ស័យឈ្មោះ ស៊ូ អោម ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដែលជាមេខ្លោងជួញដូរថ្នាំញៀនធំ (អ្នកលក់)។

ប៉ុន្តែកម្លាំងសមត្ថកិច្ចចាប់ជនសង្ស័យមិនបាន ដោយជនសង្ស័យរត់គេចខ្លួនផុត ហើយបានធ្វើការឆែកឆេរក្នុងផ្ទះដោយមានឈ្មោះ ណយ ស៊ីនួន អាយុ២៦ឆ្នាំ ជាប្រពន្ធជនសង្ស័យ ដោយបានរកឃើញថ្នាំញៀនម្សៅក្រាមពណ៌ស ថ្លាចំនួន៦ថង់ ១ថង់ធំ៥ កូនថង់តូច និងសម្ភារជក់មួយចំនួន។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ក្នុងចណោម៦នាក់ សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត៣នាក់ មានឈ្មោះ តាន់ ប៊ុនហោ មុខរបររត់ម៉ូតូឌុប ពីបទដឹកជញ្ជូននូវសារធាតុញៀន, ឈ្មោះ នួន ឆៃហៀង និងឈ្មោះ ធី ភិរម្យ អ្នកប្រើប្រាស់ រួមទាំងវត្ថុតាងថ្នាំញៀនរបស់ជនសង្ស័យគេចខ្លួនសរុបចំនួន ៧៨៥,៧៧ក្រាម។

ដោយឡែកឈ្មោះ អ៊ុក អាន មានដីកាបង្គាប់ឲ្យចាប់ខ្លួន និង២នាក់ទៀតឈ្មោះ ឈុន ចន្ថា និងឈ្មោះ ម៉ៅ គង្គា ត្រូវបាននាំយកទៅមណ្ឌលអប់រំកែប្រែ៕