(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២១ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងតាម បណ្ដោយ ផ្លូវ ៩៥ សង្កាត់ បឹងកេងកង ៣ ខណ្ឌ បឹងកេងកង រាជធានី ភ្នំពេញ ដោយសារមានដែកធ្លាក់ពីលើអគារមួយកំពុងសាងសង់ ចំរថយន្តស៊េរីទំនើបមួយគ្រឿង បណ្ដាលការខូចខាត តែសំណាងល្អមិនបណ្តាលឲ្យអ្នកបើករងរបួស។

សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News ដែលបានចុះទៅយកព័ត៌មាននៅកន្លែងកើតហេតុនោះ បានឲ្យដឹងថា ដែកសរសៃបានធ្លាក់ពីលើអគារកម្ពស់រាប់សិបជាន់មួយ ចំត្រូវរថយន្តស៊េរីទំនើប បណ្តាលឲ្យរង ការខូចខាត តែមិនចំត្រូវមនុស្សនោះឡើយ។

ម្ចាស់រថយន្តបានឲ្យដឹងថា សំណាងហើយមិនត្រូវចំគាត់ បើត្រូវវិញមិនដឹងមានគ្រោះថ្នាក់យ៉ាងណានោះទេ ដូច្នេះលោកសំណូមពរដល់ម្ចាស់ការដ្ឋានត្រូវបង្កើនការប្រុងប្រយ័ត្ន និងអំពាវនាវឲ្យអាជ្ញាធរ ជួយពិនិត្យមើលឡើងវិញផងចំពោះដំណើរការសាងសង់ ត្រូវអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក៏មានហេតុការណ៍នេះកើតឡើងផងដែរ នៅការដ្ឋានសាងសង់សណ្ឋាគារមួយកន្លែង ធ្វើការដោយមិនមានការប្រុងប្រយ័ត្ន បណ្តាលឱ្យដែកសរសៃថ្នាំងអំពៅ ទំហំ១៤លី មានប្រវែងប្រមាណ ៣ម៉ែត្រ ធ្លាក់ចំកញ្ចក់រថយន្ត ហើយទម្លុះត្រូវបុគ្គលិករបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មម្នាក់ ធ្លាយត្រូវជើងទាំងសងខាង ពីកំភួនជើងខាងស្តាំទៅចំជើងឆ្វេងទៀត បណ្តាលឱ្យរងគ្រោះធ្ងន់ធ្ងរ ខណៈដែលកំពុងរៀបចំបើករថយន្តចេញ។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចអគារលេខ០៧ ផ្លូវលេខ០៧ (ផ្លូវឧកញ៉ាស៊ូស្រ៊ុន) សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដើម្បីចៀសវាងការបង្ករគ្រោះថ្នាក់ជាយថាហេតុនៅថ្ងៃក្រោយទៀតនោះ ប្រជាពលរដ្ឋនៅតំបន់នោះបានស្នើសុំឱ្យអាជ្ញាធរជួយអន្តរាគមន៍ ដោយពិន័យឱ្យបានធ្ងន់ធ្ងរ ណែនាំឱ្យការដ្ឋានសណ្ឋាគារនេះ ឱ្យចេះបង្កើនការប្រុងប្រយ័ត្នឱ្យខ្ពស់បន្ថែមទៀត ជៀសវាងការធ្វេសប្រហែល បង្ករឱ្យមានការប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់អ្នកដទៃ និងបង្ករជាគ្រោះថ្នាក់ជាយថាហេតុដូចនេះទៀត៕