តួកគី៖ ក្រុមឧទ្ទាម Kurds ជាអ្នកនៅពីក្រោយការបំផ្ទុះគ្រាប់បែក ក្នុងអង់ការ៉ា, ជនជាតិស៊ីរី ៩នាក់ត្រូវចាប់ខ្លួន
18-02-2016 16:28
(តួកគី)៖ នាយករដ្ឋមន្ត្រីតួកគី លោក អាម៉េត ដាវូតូគ្លូ (Ahmet Davutoglu) បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមស៊ើបអង្កេត បានកំណត់លើ ពួកឧទ្ទាម ឃឺដស៍ (Kurds) ដែលមានមូលដ្ឋាននៅក្នុងប្រទេសស៊ីរី គឺជាអ្នកដែលនៅពីក្រោយការវាយប្រហារ នៅរដ្ឋធានីអង់ការ៉ា (Ankara) កាលពីថ្ងៃពុធ ដែលបានបណ្តាលឲ្យមនុស្សជិត ៣០នាក់ស្លាប់ និង៦១នាក់រងរបួស។ នេះបើតាមការផ្សាយរបស់ សារព័ត៌មានប៊ីប៊ីស៊ី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៦។
នាយករដ្ឋមន្ត្រីតួកគី បានបញ្ជាក់ទៀតថា ក្រុមខាងលើនេះ អាចបង្កភេរវកម្មបាន ដោយមានការជួយជ្រោមជ្រែងពីគណបក្សពលករឃឺដស៍ (PKK) ដែលមានបណ្តាញនៅតួកគីស្រាប់។ យ៉ាងណាដោយ ក្រោយការវាយប្រហារចំបេះដូងនៃប្រទេសតួកគី ភ្លាមៗកងកម្លាំងស៊ើបអង្កេត បានចេញប្រតិបត្តិការ និងចាប់ខ្លួនជនសង្ស័យ ជាជាតិស៊ីរី ចំនួន ៩រូប មកសួរចម្លើយ។
គួរបញ្ជាក់ថា នេះទំនងជាការសងសឹកទៅលើប្រទេសតួកគី ព្រោះកាលពីថ្ងៃពុធដដែលនោះ កងកម្លាំងតួកគី បានបើកការវាយប្រហារទៅលើទីតាំងរបស់ពួក PKK នៅក្នុងទឹកដីអ៊ីរ៉ាក់ ដោយបានផ្តាច់ជីវិតពួកសកម្មប្រយុទ្ធ ទាំងនោះអស់ជាង ៧០នាក់ឯណោះ៕