(ប៉ៃលិន)៖ អាជ្ញាធរខេត្តប៉ៃលិន បានបង្ហាញទិដ្ឋិនិយមក្នុងការអភិវឌ្ឍន៍កែលម្អរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ឱ្យក្លាយជាមណីយដ្ឋានធម្មជាតិដ៏ទាក់ទាញមួយប្រចាំខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាឱ្យបានច្រើន សំដៅលើកកម្ពស់វិស័យទេសចរណ៍ជាតិ និងជួយកែប្រែជីវភាពប្រជាជននៅតំបន់ជុំវិញឱ្យកាន់តែប្រសើរឡើង។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងឱកាសដែលលោក អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ចុះពិនិត្យនៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ស្ថិតក្នុងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
លោក អ៉ី ឈាន បានលើកឡើងថា អាជ្ញាធរខេត្តប៉ៃលិនបានកំពុងខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធនានា និងសួនច្បារសាធារណៈឱ្យបានកាន់តែល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន និងសុខមាលភាពសាធារណៈ ជាពិសេសការកែរលម្អ អភិវឌ្ឍន៍តំបន់រមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្ត ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តប៉ៃលិនឱ្យបានកាន់តែច្រើន ដែលជាកត្តាចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
លោក អ៉ី ឈាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ គឺត្រូវរួមគ្នាសម្អាតនៅមុខផ្ទះ និងម្ចាស់ទីតាំងអាជីវកម្មរបស់ខ្លួនឲ្យបានជាប្រចាំ ជាពិសេសអាជីករលក់ដូរនៅតាមទីសាធារណៈ និងតាមសួនច្បារ ត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត គឺមិនត្រូវបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមទីសាធារណៈនោះទេ ទើបអាចសម្អាតអនាម័យបរិស្ថាន និងមានសោភ័ណភាពបានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តប៉ៃលិន ឱ្យបានកាន់តែច្រើនឡើង។
សូមបញ្ជាក់ថា រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ជារមណីយដ្ឋានធម្មជាតិល្បីជាងគេនៅក្នុងខេត្តប៉ៃលិន ដែលមានទឹកធ្លាក់រហូតដល់ ៧ ជាន់ ហើយមានចម្ងាយចេញពីផ្លូវជាតិលេខ ៥៧ តែជាង ៧ គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិកូនខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន៕