Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការផ្តន្ទាទោសឧក្រិដ្ឋជន គ្រឿងញៀន៣នាក់ ដាក់ពន្ធនាគារចន្លោះ២៥-២៩ឆ្នាំ

18-02-2016 16:26

(ភ្នំពេញ)៖ ឧក្រិដ្ឋជនគ្រឿងញៀន៣នាក់ ជាប់ចោទពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនប្រភេទ WY ជាង២គីឡូក្រាម បទរក្សាទុកប្រាក់ដុល្លារក្លែងក្លាយជិត៦ម៉ឺនដុល្លារ និងបទរក្សាទុកអាវុធខុសច្បាប់ ត្រូវបានសាលាឧទ្ធរណ៍សម្រេច នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយផ្តន្ទាទោសដាក់ពន្ធនាគារ ចន្លោះពី២៥ឆ្នាំទៅ២៩ឆ្នាំ។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍លោកស្រី យ៉េត ម៉ូលីន សម្រេចផ្តន្ទាទោសឈ្មោះ វង្ស សុផន អាយុ៣៨ឆ្នាំ ដាក់ពន្ធនាគារ២៩ឆ្នាំ និងពិន័យ៧០លានរៀល ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បទរក្សាទុកប្រាក់ដុល្លារក្លែងក្លាយ និងបទរក្សាទុកអាវុធខុសច្បាប់។

ផ្តន្ទាទោសឈ្មោះ នូ ប៊ុនឡុង អាយុ៤៤ឆ្នាំ និងឈ្មោះ ស៊ូ លាង អាយុ៥៨ឆ្នាំ ដាក់ពន្ធនាគារក្នុងម្នាក់ៗ២៥ឆ្នាំ និងពិន័យ៤០លានរៀល ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ជនជាប់ចោទទាំង៣នាក់ បានប្រព្រឹត្តកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៩ នៅចំណុចស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ គួររំលឹកថា នៅថៃ្ងកើតហេតុកម្លាំងនគរបាល មន្ទីរប្រឆាំងគ្រឿង ញៀន ក្រសួងមហាផ្ទៃ បានប្រើវិធានការញុះញង់ ដោយទាក់ទងរកទិញគ្រឿងញៀន។

ជនជាប់ចោទទាំង៣នាក់ ត្រូវបានកម្លាំងបង្កប់ណាត់ជួបដោះដូរគ្រឿងញៀន និងចាប់ពួកគេ បានដោយឆែកឃើញគ្រឿងញៀន៣សុង ក្នុងរថយន្ត និងកាំភ្លើង k-59 មួយដើម។ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនពួកគេ ហើយបាននាំទៅផ្ទះឈ្មោះ វង្ស សុផន នៅខណ្ឌឫស្សីកែវ ឆែកឃើញថ្នាំញៀន១០សុងទៀតប្រភេទ W.Y ជាង២គីឡូក្រាម និងវត្ថុមួយចំនួនទៀត៕