(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រងមជ្ឈមណ្ឌលឥស្លាមភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសសេចក្តីសម្រេចស្តីពីការតែងតាំង សមាសភាពគណៈកម្មការ អនុគណៈកម្មការ គណៈកម្មការគ្រប់គ្រងវិហារអាល់សារកាល់ និងក្រុមការងារចំណុះឲ្យមជ្ឈមណ្ឌលឥស្លាមភ្នំពេញ។
ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ ដោយមានការអញ្ជើញចូលរួម ពីលោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងមជ្ឈមណ្ឌលឥស្លាមភ្នំពេញ, លោក សុះ មុះសិន អនុប្រធានគណៈកម្មការគ្រប់គ្រង មជ្ឈមណ្ឌលឥស្លាមភ្នំពេញ ប្រធាន អនុប្រធាន ស្ម័គ្រចិត្តសមាជិកានៃគណៈកម្មការទាំង៧ គណៈកម្មការផ្ដល់យោបល់ និងឥស្សរជនសំខាន់ៗជាច្រើនរូប ព្រមទាំងគណៈអ៊ីម៉ាំរាជធានីខេត្តទាំងប្រទេស។
ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានរៀបរាប់ពីប្រវត្តិរឿងរ៉ាវ នៃការកកើតទីដីវិហារ រួមជាមួយវិហារអាល់សារកាល់នេះផ្ទាល់ លោកថា លោកនឹងចងក្រងជាប្រវត្តិសាស្ត្រនៅប្រវត្តិរឿងរ៉ាវនេះ ឲ្យអ្នកជំនាន់ក្រោយបានដឹង និងចងចាំ។ លោកទេសរដ្ឋមន្ត្រីបានបន្តថា ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ពីសម័យកាលមួយទៅសម័យកាលមួយ យើងពិតជាឆ្លងកាត់ការលំបាកច្រើនណាស់ ទម្រាំយើងទទួលបានអ្វីៗដូចសព្វថ្ងៃ។
លោករដ្ឋមន្ត្រី ឈិត សុខុន បានសម្ដែងនូវមោទកភាព និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំឥស្លាមគ្រប់លំដាប់ថ្នាក់ នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ជាពិសេសទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ដែលបានខិតខំដឹកនាំសហគមន៍ឥស្លាមកម្ពុជា បានយ៉ាងល្អប្រសើរ។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើកកំពស់ ចុះពីសហគមន៍ឥស្លាម ដោយបានផ្ដល់នូវគោលនយោបាយជាច្រើនជូនសហគមន៍ឥស្លាម បើទោះបីជាសាសនាឥស្លាមមិនមែន ជាសាសនារបស់រដ្ឋ ក៏ប៉ុន្តែសហគមន៍ឥស្លាមមួយនេះ បានចូលរួមចំណែកជាច្រើនជាមួយរាជរដ្ឋាភិបាល រួមសុខជាមួយគ្នាគ្រប់កាលៈទេសៈ។
លោករដ្ឋមន្ត្រីក៏បានលើកឡើងពីប្រវត្តិដ៏ឈឺចាប់ នៃអតីតកាលក្នុងរបបប្រល័យពូជសាសន៍ ពល ពត ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលបានបំភ្លេចបំផ្លាញដល់ ឫសគល់លើវិស័យសាសនាទាំងអស់ ក្នុងនោះក៏មានសាសនាឥស្លាមកងដែរ។ ក្រោយថ្ងៃជ័យជំនះ ៧ មករា ក្រោមការដឹកនាំតស៊ូរបស់ សម្ដេចពោធិ៍សាល ជា ស៊ីម, សម្ដេចពញាចក្រី ហេង សំរិន និងសម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យសាសនាទាំងអស់នៅកម្ពុជាមានជីវិតរស់ឡើងវិញ និងបានផ្ដល់នូវសិទ្ធិសេរីភាព ខាងជំនឿសាសនា ដល់ប្រជាជនទាំងអស់ ដើម្បីគោរពប្រតិបត្តិតាមគោលលទ្ធិសាសនារៀងៗខ្លួន៕