(កំពង់ស្ពឺ)៖ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខនាយទាហាន ពលទាហាន កម្មសិក្សាការី យោចារ្យ នៅបញ្ជាការដ្ឋានវឹកហ្វឺនអង្គរក្សភ្នំស្រង់ និងកងកម្លាំងទាំង៣ នៅតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ស្ពឺ។
ថ្លែងនៅក្នុងឱកាសនោះផងដែរ លោក វ៉ី សំណាង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ នាយទាហាន ពលទាហាន កម្មសិក្សាការី យោចារ្យ នៃបញ្ហាការដ្ឋានអង្គរក្សទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែង យ៉ាងសកម្មក្នុងការបំពេញភារកិច្ច ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការចូលរួមថែរក្សាសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ សម្រេចបានលទ្ធផល និងស្នាដៃល្អប្រសើរ ជូនជាតិមាតុភូមិ។
លោកអភិបាលក៏បានបន្តទៀតថា រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត និងសក្តានុពល ធ្វើឲ្យប្រទេសជាតិ មានសន្តិភាព សន្តិសុខ ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍ជាតិរីកចម្រើនលើគ្រប់វិស័យ ដោយជានិច្ចកាលសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាតែងតែរួមសុខទុក្ខជាមួយកងទ័ព គិតគូរអំពីជីវភាពរស់នៅ និងបានឧបត្ថម្ភដោះស្រាយនូវរាល់ការខ្វះខាតរបស់បងប្អូនកងកម្លាំងគ្រប់លំដាប់ថ្នាក់។
នាឱកាសនោះផងដែរក្រុមការងារក៏បានដឹកនាំ យកសម្ភារមួយចំនួនជូនដល់ នាយទាហាន ពលទាហាន កម្មសិក្សាការី យោចារ្យ នៅបញ្ជាការដ្ឋានកងអង្គរក្ស រួមមាន៖ អង្ករ ៥តោន សាច់ជ្រូក២ក្បាល ស្មើនឹង២៣៥គក្រ ឆៃថាវ ៤០ គីឡូក្រាម ត្រសក់២០គីឡូក្រោម សណ្តែក១០គីឡូក្រាម ត្រប់១០គីឡូក្រាម ត្រឡាច១០គីឡូក្រាម ស្ពៃក្រញ៉ាញ់៣០គីឡូក្រាម មី១០០កេស ត្រីខ៥កេស ទឹកត្រី២០យួរ ទឹកស៊ីអ៊ីវ២០យួរ អាវ១០០អាវ និងភួយ១០០។
នៅតំបន់ប្រតិបត្តិការសឹងរងខេត្តរួមមាន៖ មី១០០កេស ត្រីខ៥កេស ទឹកត្រី២០យួរទឹកស៊ីអ៊ីវ២០យួរ អាវ១០០អាវ និងភួយ១០០៕