(ភ្នំពេញ)៖ បន្ទាប់ពីរកឃើញមានករណីឆ្លងនាំចូលពីប្រទេសថៃមកប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសារបន្ទាន់មួយ ដោយសារបញ្ជាមិនឲ្យដឹក ពលករមកពីប្រទេសថៃ ចេញមកធ្វើចត្ដាឡីស័ក្ដនៅតាមបណ្ដាខេត្តផ្សេងៗនោះទេ ពោលត្រូវធ្វើនៅខេត្តដែលជាប់ព្រំដែននោះតែម្ដង។
ការដាក់បទបញ្ជាយ៉ាងដាច់ណាត់ថ្មីមួយនេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានសម្ដេចអះអាងថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ក្នុងប្រទេសកម្ពុជា ជាថ្មីម្ដងទៀត បន្ទាប់ពីក្រសួងសុខាភិបាល រកឃើញថា មនុស្សប្រមាណជិត១០នាក់ហើយ បានឆ្លងជំងឺកូវីដ-១៩ ចេញពីប្រទេសថៃ។
តាមរយៈសារសំឡេងបន្ទាន់នោះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ផ្នែកដឹកជញ្ជូន ត្រូវផ្អាការដឹកជញ្ជូនបងប្អូនដែលមកពីប្រទេសថៃ ហើយត្រូវពង្រឹងសមត្ថភាពនៃការធ្វើចត្តាឡីស័ក្ដនៅតាមច្រកព្រំដែន ដែលយើងបានកំណត់ទីតាំង ហើយត្រូវយកសំណាកនៅទីនោះ ធ្វើចត្តាឡីស័ក្ដនៅទីនោះ ក្នុងរយៈពេល១៤ថ្ងៃ»។
សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ទៀតថា ក្រសួងសុខាភិបាល ត្រូវបន្ថែមនូវសម្ភារ ថវិកា ដើម្បីធ្វើចត្តាឡីស័ក្ដ និងការយកសំណាក ដើម្បីធ្វើតេស្ដដោយបន្ថែមក្រុមគ្រូពេទ្យទៅកាន់ទីនោះ ប្រសិនបើមានការចាំបាច់។ ដូច្នេះអ្វីដែលសម្ដេចចង់បញ្ជាក់នៅទីនេះ គឺខេត្តនៅតាមបណ្ដាព្រំដែន ក៏ដូចជាកម្លាំងព្រំដែនទាំងអស់ យកចិត្តទុកដាក់គ្រប់គ្រងឲ្យហ្មត់ចត់ជាមួយពលករ ពលការិនីរបស់យើង ដែលធ្វើដំណើរពីប្រទេសថៃ មកកម្ពុជាវិញ។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបទៀតថា តាមការប៉ាន់ស្មាន់ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ដែលមកពីប្រទេសថៃ អាចនឹងកើនឡើងជាបន្ដបន្ទាប់ ខណៈមន្ទីរពេទ្យខេត្តបាត់ដំបង នឹងត្រូវរ៉ាប់រងនូវការព្យាបាលអ្នកឆ្លងទាំងអស់នោះ។
គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសជាផ្លូវការ មានប្រជាពលរដ្ឋខ្មែរ២នាក់ ដែលមកពីប្រទេសថៃបានឆ្លងជំងឺកូវីដ-១៩ ក្នុងនោះម្នាក់មានស្រុកកំណើតនៅស្រុកកំរៀង ខេត្ដបាត់ដំបង និងម្នាក់ទៀត មានស្រុកកំណើតនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕