(កោះកុង)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សហការជាមួយមន្ទីរសុខាភិបាលខេត្ត នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានរៀបចំពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ជាម្តាយទារកទើបនឹងកើតពី១ខួបចុះ ព្រមទាំងបានពាំនាំអំណោយមួយចំនួន និងថវិកាចំនួន៤ម៉ឺនរៀលផងដែរ សរុបចំនួន៦០គ្រួសារ។
ពិធីអបអរសាទរទិវាសុខភាពទារក និងកុមារមានការចូលរួមពីលោកស្រី អេង គឹមនាង អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង លោកវេជ្ជ ទៅ ម៊ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង លោកស្រី ឈួង ចាលឹក ប៊ុន លើត ប្រធានក្រុមស្រ្តីមេផ្ទះ រួមទាំងសមាជិកសមាជិកាមួយចំនួនទៀត។
នៅក្នុងទិវាជាតិសុខភាពទារក និងកុមារនេះលោកវេជ្ជ ទៅ ម៊ឹង បានថ្លែងថា «វិស័យសុខាភិបាល គឺជាវិស័យដែលចាំបាច់ទៅលើ បញ្ហាផាសុខភាព និងផ្សារភ្ជាប់ជាមួយកាកបាទក្រហមកម្ពុជា និងសប្បុរស ដើម្បីជីវភាពរស់នៅ និងសុខភាពជាចំបងដូច្នេះ វិស័យសុខាភិបាលគឺបម្រើសេវាកម្មទៅលើប្រជាពលរដ្ឋ គ្រប់ពេលវេលាមិនថា ថ្ងៃឬយប់ឡើយព្រោះនេះជាតួនាទី ផ្នែកវិស័យសុខាភិបាល»។
លោកក៏សូមឲ្យប្រជាពលរដ្ឋទាំងអស់ មានបញ្ហាសុខភាព ត្រូវមកជួបលោកគ្រូពេទ្យ ស្តាប់ពីការណែនាំពីក្រុមគ្រូពេទ្យជៀសវាង មានបញ្ហាក្នុងការប្រើប្រាស់ថ្នាំពេទ្យ ពីព្រោះថ្នាំពេទ្យជាអាវុធមុខ២ វាអាចព្យាបាលផង និងអាចសម្លាប់មនុស្សផងដែរ «យើងជាម្តាយត្រូវបំបៅដោះទារកឲ្យបាន៦ខែ នូវទឹកដោះម្តាយពិតៗ ហើយត្រូវមានអនាម័យល្អ»៕