(ភ្នំពេញ)៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអគ្គលេខាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអះអាងថា ក្នុងឆ្នាំ២០២០នេះ ប្រជាពលរដ្ឋមានការគោរពច្បាប់ចរាចរណ៍បានច្រើន ដោយសារអត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ហើយ១០ ឬ១១ខែមកនេះអាចជួយជីវិត មនុស្សបានជាង២០០នាក់ ដោយសារការខិតខំរបស់មន្ត្រីនគបាលការផ្សព្វផ្សាយ និងការយល់ដឹងពីប្រជាពលរដ្ឋបានច្រើនផង។
លោកស្រី មឹន មាណវី បានអះអាងដូចនេះនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងឱកាសដឹកនាំក្រុមការងារ និងដោយមានការសហការណ៍ជាមួយអាជ្ញាធរដែនដី និងអគ្គស្នងការនគបាលរាជធានីភ្នំពេញ និងដែលគូពាក់ព័ន្ធផ្សេងទៀត ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយការអប់រំសុវត្ថិភាពចរាចរណ៍ មុនបំណាចឆ្នាំចាស់ ឈានចូលឆ្នាំថ្មី ដើម្បីជាការក្រើន រំលឹកដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវវិមានឈ្នះៗ ស្ថិតក្នុងសង្កាត់ព្រែកតាកេស ខណ្ឌជ្រោយចង្វា ឱ្យមានការប្រុងប្រយ័ត្នក្នុងការធ្វើ ដំណើរបន្ថែមទៀត។
លោកស្រី មឹន មាណវី បានបញ្ជាក់ថា នេះជាចុងឆ្នាំផងហើយទោះបីជាមានជំងឺកូវីដ១៩ ក៏ប្រជាពលរដ្ឋនៅតែដើរលេងផងដែរ ដូចនេះហើយត្រូវតែធ្វើយ៉ាងណាឲ្យគាត់ ប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ ព្រោះប៉ុន្មានថ្ងៃនេះគ្រោះថ្នាក់ចរាចរណ៍ច្រើន៧ ឬ៨នាក់។
លោកស្រីបានឲ្យដឹងទៀតថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានស្នើឲ្យអាជ្ញធារនៅរាជធានី ខេត្តទាំងអស់ឲ្យធ្វើការផ្សព្វផ្សាយរៀងៗខ្លួន។ យ៉ាងណាក្តី លោកស្រីថា ការធ្វើការអប់រំផ្សព្វផ្សាយនេះមិនបានធ្វើឲ្យទូលំទូលាយពេកទេ ព្រោះដើម្បីការពារការឆ្លងជំងឺកូវីដ១៩ តែនេះដោយសារបញ្ហាគ្រោះថ្នាក់ច្រើនពេក ហើយបាន បញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ទើបក្រុមការងារបានចុះមកធ្វើយុទ្ធនាការផ្សព្វផ្សាយនេះ។
ក្នុងឱកាសនោះដែរលោកស្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមានការយកចិត្តទុកដាក់ចំពោះការពារការឆ្លងជំងឺកូវីដ១៩ រួមទាំងការរួមគ្នាការពារអាយុជីវិត នៅក្នុងការ ធ្វើដំណើរនៅតាមដងផ្លូវផងដែរ។ សូមបើកបរឲ្យមានការប្រុងប្រយ័ត្ន និងសូមឲ្យអ្នកបើកបររថយន្តធំៗ មេត្តាយោគយល់ចំពោះអ្នកបើករថយន្តតូចៗព្រោះថា រថយន្តធំពេកបុកម្តងៗមានករណីស្លាប់ច្រើន។
លោកជំទាវរដ្ឋលេខាធិការបញ្ជាក់ថា សូមគោរពសិទ្ធិអាទិភាព ចំពោះអ្នកបើកបរផ្លូវតូចៗមក ដោយកុំអាងថាយើងនៅលើផ្លូវធំមិនគោរព និងទៅមុន កុំបត់ កុំជែង កុំពិសាគ្រឿងស្រវឹងនៅពេលបើកបរ ហើយត្រូវចេះបើកឲ្យស្ទាត់ និងចេះច្បាប់ រាចរណ៍ឲ្យស្ទាត់ផងដែរ៕