(ពោធិ៍សាត់)៖ អំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ត្រូវបានលោក ម៉ៅ ធនិន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រី ហ៊ុន ចាន់ធី យកទៅប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះភ្លើងឆេះផ្ទះ ចំនួន៣គ្រួសារ នៅភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ថា នាវេលាម៉ោង៣៖២០នាទី រសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ ឆេះផ្ទះអស់២ខ្នង និងទ្រព្យសម្បត្តិមួយចំនួនធំរួមមានទី១ ឈ្មោះសៀង សុខុន អាយុ៤៨ឆ្នាំ ជាម្ចាស់ផ្ទ ទី២ឈ្មោះ អៀង ស្រីណៃ ភេទស្រី អាយុ២៥ឆ្នាំ ជាប្រជាពលរដ្ឋ ជួលផ្ទះគេស្នាក់នៅរយៈពេល២ឆ្នាំមកហើយ ទី៣ឈ្មោះ អ៊ុង សុវណ្ណ អាយុ៦៨ឆ្នាំ ជាអ្នកសារព័ត៌មានសុជីវធម៌ឆេះអស់ផ្ទះទំហំ ៥x៦ម៉ែត្រ ប្រកសង្ក័សី ជញ្ជាំងក្តារ លាយស្លឹក និងសម្ភារអស់មួយចំនួនធំ តែសំណាងល្អមនុស្សគ្មានគ្រោះថ្នាក់អ្វីឡើយ។
លោក ម៉ៅ ធនិន បានថ្លែងថា «នេះគឺជាគ្រោះភ័យ នៃគ្រោះមហន្តរាយ ដែលកន្លងមកនៅក្នុងខេត្ត និងក្រៅខេត្ត តែងតែជួបប្រទះជាញឹកញាប់ ជាការទាមទាឲ្យយើងទាំងអស់គ្នា បង្កើនការប្រុងប្រយ័ត្ន ហើយមិនត្រូវមើលរំលងឡើយ»។
លោកបានជម្រាបជូនថា កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៌ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន តែងតែមានការគិតគូ អំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ គ្រប់ទីកន្លែង មិនប្រកាន់រើសអើង អំពីនិន្នាការនយោបាយ បក្ខពួក ជាតិសាសន៍ វណ្ណៈនោះឡើយ ពោលគឺឲ្យតែប្រជាពលរដ្ឋរងគ្រោះ គឺសុទ្ធតែទទួលបាននូវការឧបត្ថម្ភ ពីកាកបាទក្រហមថ្នាក់កណ្តាល និង ថ្នាក់ខេត្តស្រុក ក្រុងស្មើៗគ្នា គ្រប់ក្រុមគ្រួសារទាំងអស់។ ជាក់ស្តែង នៅថ្ងៃនេះ គ្រួសាររងគ្រោះភ្លើងឆេះផ្ទះ ទាំង៣គ្រួសារ ទទួលបានមួយគ្រួសារអង្ករ៥០គីឡូក្រាម តង់ខៀវ១ ស្រាក់១ឈុត មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ធំ និង ថវិកា៥០ម៉ឺនរៀល។
ដោយឡែក លំនៅដ្ឋានដែលឆេះអស់ លោក និងលោកស្រី រួមជាមួយក្រុមការងារចុះជួយសង្កាត់ និងអាជ្ញាធរក្រុង នឹងជួយសាងសង់ផ្ទះជូនទាំង៣គ្រួសារ តាមលទ្ធភាពជាក់ស្តែង។ ចំពោះគ្រួសារឈ្មោះ អៀង ស្រីណៃ លោកនឹងផ្តល់កង់១គ្រឿង សម្រាប់ជាមធ្យោបាយលក់ដូរ និងដោះស្រាយជីវភាពប្រចាំថ្ងៃ។ ប្រជាការពារចំនួន១៥នាក់ ដែលជួយអន្តាគមន៍ ក្នុងហេតុការណ៍នោះ លោកអភិបាលខេត្តឧបត្ថម្ភជូនក្នុងម្នាក់ ៣ម៉ឺនរៀលផងដែរ៕