(ភ្នំពេញ)៖ លោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងសមាជិក សមាជិក ព្រមទាំងមន្ត្រីរាជការ នៃក្រុមប្រឹក្សាធម្មនុញ្ញ សម្តែងនូវការអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទទួលបានសមិទ្ធផលប្រវត្តិសាស្ត្រីថ្មីនៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។
ក្នុងលិខិតអបអរសាទរ លោក អ៉ឹម ឈុនលឹម បានគូសរំលេចថា «តាមរយៈភាពជោគជ័យជាប្រវត្តិសាស្រ្ត នៃការទទួលបានដំណក់ប្រេងជាលើកដំបូងនេះ គឺជាការចាប់ផ្តើមដ៏សំខាន់បំផុត សម្រាប់ប្រទេសកម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល ដែលជាពរជ័យសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃ «សន្តិភាព» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បិតាស្ថាបនិក អគ្គមគ្គទេសក៍ និងជាប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលបានតស៊ូរំដោះប្រទេសជាតិឲ្យរួចផុតពី របបប្រល័យពូជសាសន៍ និងបានខិតខំពុះពារកសាងសន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមដ៏គាប់ប្រសើរ»។
លោក អ៉ឹម ឈុនលឹម បន្ថែមថា «សន្តិភាព» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាកត្តាសារវន្តមិនអាចខ្វះបាន សម្រាប់ការសម្រេចជោគជ័យលើសមិទ្ធផលជាតិជាបន្តបន្ទាប់ និងការអភិវឌ្ឍលើគ្រប់វិស័យំ រួមទាំងសមិទ្ធផលថ្មី ក្នុងវិស័យប្រេងកាត ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បានទន្ទឹងរង់ចាំជាច្រើនជំនាន់យូរលង់ណាស់មកហើយ។
ក្នុងលិខិតអបអរសាទរ លោក អ៉ឹម ឈុនលឹម បានលើកឡើងថា រូបលោក និងសមាជិក សមាជិកា ព្រមទាំងមន្ត្រីរាជការនៃក្រុមប្រឹក្សាធម្មនុញ្ញទាំងអស់ ពិតជាមានមោទនភាពជាទីបំផុត និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍមាតុភូមិកម្ពុជា ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ និងប្រជាជន ឲ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាពសំបូរសប្បាយ ជានិច្ចនិរន្តរ៍៕