(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានធ្វើមហាសន្និបាតប្រចាំឆ្នាំ២០១៥ របស់ខ្លួនពេញមួយថ្ងៃ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ដើម្បីពិភាក្សា និងកំណត់យុទ្ធសាស្ដ្រជំរុញឲ្យសហព័ន្ធកីឡាជាតិ ចូលរួមអនុវត្តន៍នូវផែនការមេ សម្រាប់ព្រឹត្តិការណ៍ កីឡា SEA Games ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនោះ។

ថ្លែងក្នុងសន្និបាតលោក ថោង ខុន បានមានប្រសាសន៍ថា ឆ្នាំ២០១៥ គឺជាឆ្នាំមួយ ដែលពិភពលោកមានការភ្ញាក់ផ្អើល ចំពោះភាពរីកចម្រើននៃវិស័យកីឡាកម្ពុជា។ ប៉ុន្ដែទន្ទឹមជាមួយគ្នានេះ មានសហព័ន្ធកីឡាជាតិមួយចំនួន ក៏មិនទាន់មានសកម្មភាពអ្វី លេចចេញជារូបរៀងដែរ ដែលចាំបាច់ត្រូវតែមានផែនការជាបន្ទាន់ ដើម្បីសម្រេចគោលដៅ បណ្ដុះបណ្ដាលធនធានអត្តពលិក សម្រាប់ត្រៀមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា។

ដោយឡែកសម្រាប់ឆ្នាំ២០១៦ គឺជាឆ្នាំដ៏សំខាន់ ដែលសហព័ន្ធកីឡាជាតិនីមួយៗ ត្រូវខិតខំស្វះស្វែងបង្កើតស្នាដៃ ដើម្បីបញ្ជាក់ឲ្យឃើញពី សមិទ្ធផលរបស់ខ្លួន។ តែប្រសិនបើសហព័ន្ធណាមួយ នៅមិនទាន់មានសកម្មភាពអ្វីទៀតនោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងមានវិធានការក្ដៅ ដើម្បីជំរុញសហព័ន្ធនោះ ឲ្យមានសកម្មភាព បើពុំដូច្នេះទេ សហព័ន្ធនោះនឹង ត្រូវប្រឈមនឹងការដកសិទ្ធិចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ផ្សេងៗតែម្ដង ។ លោក ថោង ខុន បន្ថែម។

លោករដ្ឋមន្ដ្រីបានបន្ដថា «មហាសន្និបាតនេះ ក្លាយជាអង្គពិភាក្សាពិគ្រោះយោបល់ និងធ្វើការវិភាគល្អិតល្អន់លើ បច្ចុប្បន្នភាព របស់សហព័ន្ធកីឡាជាតិ នីមួយៗ ដោយវិភាគតាមរូបមន្ត «Swot Analysis» ដើម្បីរកឲ្យឃើញនូវប្រភព ជំងឺ មេរោគ ដើម្បីងូតទឹក ឆ្លុះកញ្ចក់ ដុសក្អែល ដាក់ថ្នាំ និងព្យាបាលឲ្យទាន់ពេលវេលា និងដាក់ចេញនូវវិធានការជាក់ ស្ដែងម៉ឺងម៉ាត់មួយ សម្រាប់ឆ្នាំ២០១៦ ដែលជាឆ្នាំចាប់ផ្ដើមអនុវត្តន៍ផែនការមេសម្រាប់ SEA Games ឆ្នាំ២០២៣»

គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ២០១៥កន្លងមក មានសហព័ន្ធជាតិចំនួន ៥ត្រូវបានបង្កើតឡើង ដែលសហព័ន្ធមួយមិនមែនជា ប្រភេទកីឡាអូឡាំពិក គឺសហព័ន្ធកីឡាគូប៊ូដូ និងយ៉ូដូ ឯមួយសហព័ន្ធទៀត ជាសហព័ន្ធក្របខណ្ឌអន្តរជាតិ គឺសហព័ន្ធ គុនខ្មែរអន្តរជាតិ និង ៣សហព័ន្ធទៀត រួមមានសហព័ន្ធក្របខណ្ឌអូឡាំពិក គឺសហព័ន្ធបាញ់កាំភ្លើង កីឡាស្គីទឹកកក និងសហព័ន្ធទូកក្ដោង៕